លោកជំទាវ ម៉ែន សំអន អំពាវនាវឲ្យមានការចូលរួមឧបត្ថម្ភ ជនពិការ

នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងទិវាជនពិការកម្ពុជា លើកទី១៧ និងទិវាជនពិការអន្តរជាតិ លើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានមានប្រសាសន៍ថា ទិវានេះ បានប្រារព្ធឡើង ក្រោមប្រធានបទ រួមគ្នាបង្កលក្ខណៈងាយស្រួល ដល់ជនពិការ ដើម្បីបរិស្ថានគ្មានពិការភាព ក្នុងគោលបំណង ដើម្បីអបអរសាទរ នូវសមិទ្ធផលថ្មីៗជាច្រើន នៃវិស័យពិការភាព ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយបន្តបង្ហាញ អំពីឆន្ទៈ ក្នុងការរៀបចំការចេញចូល ទីកន្លែងសាធារណៈ សម្រាប់ជនពិការគ្រប់ប្រភេទ ឲ្យមានលក្ខណៈងាយស្រួល។

លោកជំទាវ បានបន្តថា ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនពិការនេះឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុក នូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ស្ត្រីមេម៉ាយ កុមារកំព្រា និងជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ សល់ពីសង្គ្រាម។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះ មួយចំនួនទៀត ដែលនាំឲ្យមានពិការភាព ដូចជា គ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ ពិការពីកំណើត ចាស់ជរា និងមូលហេតុផ្សេងៗទៀត។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានផ្តល់កម្មសិទ្ធិដីធ្លី ជូនយោធិនពិការ នៅតំបន់អភិវឌ្ឍជនពិការ ៣១៧ តាកែនកោះស្លា ខេត្តកំពត នៅស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់លំនៅដ្ឋាន និងធ្វើអាជីវកម្ម កសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងបានផ្តល់សេវា ស្តារលទ្ធភាពពលកម្ម នៅសហគមន៍ ដើម្បីចូលរួម ចំណែកជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ។ បង្អូនជនពិការ កាន់តែមានសមត្ថភាព ចូលរួមប្រកួតប្រជែង ក្នុងទីផ្សារពលកម្ម ដែលអាចរកប្រាក់ចំណូល ដើម្បីធានានិរន្តរភាព ជីវភាពរស់នៅ ប្រកបដោយឯករាជ្យ ម្ចាស់ការ និងសេចក្តីថ្លៃថ្នូរ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ។

លោកជំទាវ បានបន្ថែមថា ជនពិការគថ្លង់ និងជនពិការភ្នែក ទទួលបានឱកាស ក្នុងការសិក្សាអប់រំ ទាំងនៅសាលាអប់រំ ពិសេស និងសាលា សាធារណៈ ដោយមិនមានការរើសអើង។ អក្សរស្ទាប និងភាសាសញ្ញា ក៏ត្រូវបានធ្វើការអភិវឌ្ឍ ដោយដាក់បញ្ចូល ទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ។ អគារសិក្សាមួយចំនួន បានរៀបចំឲ្យមានជំរាល សម្រាប់សិស្សពិការ ទាំងនៅទីជនបទ និងនៅទីក្រុង ដែលជាការបង្កលក្ខណៈងាយស្រួល ដល់សិស្សពិការ ទទួលបានការសិក្សាអប់រំ រហូតដល់កម្រិតឧត្តមសិក្សា និងមានជនពិការមួយចំនួន ក្លាយជាបុគ្គលិក ប្រកបដោយសមត្ថភាព។ យុវជនពិការ ក៏ត្រូវបានលើកទឹកចិត្ត ឲ្យទៅប្រកួតប្រជែងជាសកល ជាមួយយុវជនពិការក្នុងតំបន់ និងក្នុងពិភពលោក ព្រមទាំងបាននាំមកនូវមេដាយ ដែលជាកិត្តិយស សម្រាប់ប្រទេសជាតិ និងសង្គមទាំងមូលទៀតផង។ "គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ គិតគូរអំពីផលប្រយោជន៍ និងការលើកតម្កើង ជីវភាពរស់នៅរបស់បងប្អូនជនពិការ ឲ្យបានសមរម្យស្រប តាមសេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការចាំបាច់នានា ដើម្បីបំផុសលើកទឹកចិត្ត ពលរដ្ឋ សប្បុរជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលនានា ឲ្យចូលរួមឧបត្ថម្ភជនពិការ"៕