វេទិកាជាតិ ស្តីពីស្ត្រីជាថ្នាក់ដឹកនាំក្នុង វិស័យសាធារណៈ និងនយោបាយ

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិ ស្តីពី ស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់។

ថ្លែងក្នុងអង្គពិធី លោកជំទាវឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ៖ ការចូលរួមរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអ្នកនាងកញ្ញានៅថ្ងៃនេះ គឺជាការជួបជុំ និងចែករំលែកចំណេះដឹង ព័ត៌មាន បទពិសោធន៍ ពាក់ព័ន្ធនឹងតួនាទីភារកិច្ចក្នុងការអនុវត្តន៍ការងារ និងរិះរកវិធានការចាំបាច់ ព្រមទាំងដំណោះស្រាយ ដើម្បីបង្កើនការចូលរួមរបស់ស្រ្តីក្នុង តួនាទីធ្វើសេចក្តីសម្រេច។ ទន្ទឹមនឹងនេះ នៅកម្ពុជាមានយន្តការទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបនឹងដោះស្រាយរាល់បញ្ហារបស់ស្ត្រី យុវវ័យ កុមារ និងក្រុមជនងាយរងគ្រោះ មានជាអាទិ៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រសួងកិច្ចការនារី ក្រុមការងារបច្ចេកទេសយេនឌ័រ ក្រុមការងារយេនឌ័រតាមក្រសួង-ស្ថាប័ន គណៈកម្មាធិការពិគ្រោះយោបល់លើកិច្ចការស្រ្តី និងកុមារនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារឃុំ សង្កាត់។ លើសពីនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការជាក់លាក់ មួយចំនួន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដូចជា៖ ការតែងតាំងស្ត្រីជាអភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការតែងតាំងឲ្យមាន ស្រ្តីជាថ្នាក់ដឹកនាំ ក្នុងកងកម្លាំងប្រដាប់អាវុធ គ្រប់កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្រ្តីថ្នាក់ធ្វើសេចក្តីសម្រេច នៅតាមក្រសួង ស្ថាប័ន និងអង្គភាពនានា និងសេចក្តីណែនាំក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ការប្រលងជ្រើសរើស មន្ត្រីថ្មី ត្រូវមានស្រ្តីពី ២០ ទៅ៥០% ឲ្យចូលបម្រើការងារក្នុងក្រសួង ស្ថាប័ន និងព្រះរាជក្រឹត្យ ស្តីពី ការពន្យាអាយុចូលនិវត្តន៍ របស់មន្ត្រីរាជការស៊ីវិលជាស្ត្រីដល់អាយុ៦០ឆ្នាំ ជាដើម។

នាឱកាសនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អានុសាសន៍ជូនដល់អង្គពិធីមានដូចតទៅ៖

១. គ្រប់ក្រសួង ស្ថាប័នត្រូវបន្តកិច្ចសហការឱ្យកាន់តែខ្លាំងក្លាថែមទៀត
លើការពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយផ្សេងៗ ដើម្បីបង្កើនការបញ្ជ្រាបយេនឌ័រទៅក្នុងក្រសួង ស្ថាប័ន និងផែនការ អភិវឌ្ឍន៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមជាមួយការបង្កើនយុទ្ធនាការ ផ្សព្វផ្សាយជាសាធារណៈអំពីច្បាប់ គោលនយោបាយពាក់ព័ន្ធ កិច្ចការពារ សិទ្ធិ និងផលប្រយោជន៍ស្រ្តី ដើម្បីបង្កើនការគាំទ្រ និងចូលរួមចំណែក ពីសហគមន៍ក្នុងការធ្វើសេចក្តីសម្រេចសិទ្ធិស្មើភាពលើគ្រប់វិស័យរវាងស្រ្តីនិងបុរស និងបន្តកាអប់រំ របណ្តុះបណ្តាល កសាងសមត្ថភាព ធនធាន មនុស្សជាស្រ្តី ព្រមជាមួយការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត ការងារ របស់អង្គភាពគ្រប់លំដាប់ថ្នាក់ ដើម្បីធានាសម្រេចបាន នូវភារកិច្ច សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា។

២.ថ្នាក់ដឹកនាំជាស្រ្តី គ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្ឡួន ដើម្បីអនុវត្តតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនប្រកបដោយប្រសិទ្ធភាព។