លោកជំទាវ ម៉ែន សំអន ដឹកនាំមន្ត្រីរាជការ និងយុវជន ផ្តល់ឈាមសង្គ្រោះជីវិត

នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្តល់ឈាមក្នុងយុទ្ធនាការ “ឈាម ១០០លីត្រ” ដើម្បីជួយ សង្គ្រោះជីវិតមនុស្ស ដែលជួបគ្រោះ និងឧប្បត្តិហេតុផ្សេងៗ។

កម្មវិធីដែលបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាឱកាសនេះមានមន្ត្រីរាជការ និងយុវជនក្រសួង ចូលរួមបរិច្ចាកឈាមប្រមាណ ១០០នាក់។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា កម្មវិធីផ្តល់ឈាមនេះ សបញ្ជាក់យ៉ាងច្បាស់អំពីទំនួលខុសត្រូវខ្ពស់ របស់យុវជនកម្ពុជា ក្នុងបុព្វហេតុជាតិ ជាពិសេសក្នុងការងារមនុស្សធម៌។ ក្នុងនោះការជួយសង្គ្រោះដោយគ្មានការរើសអើងទៅដល់ប្រជាជនកម្ពុជាដែលកំពុងមានជំងឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ ហើយកំពុងតែត្រូវការឈាមជាបន្ទាន់ ដូចជា ស្ត្រីសម្រាលកូន ដែលបាត់បង់ឈាមច្រើន ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ អ្នកជំងឺមហារីក និងជំងឺផ្សេងៗទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា សកម្មភាពរបស់យុវជននៅថ្ងៃនេះ ស្ថិតក្នុងគុណតម្លៃតែមួយ នៃស្មារតី ២ធ្នូ គឺការចេះជួយគ្នាទៅវិញទៅមក ភាតរភាពរវាងគ្នានឹងគ្នា សាមគ្គីភាពជាតិ ក្នុងអត្ថន័យតែមួយ គឺខ្មែរតែមួយ អនាគតតែមួយ។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ការបរិច្ចាគឈាមនេះ គឺជាការសាងបុណ្យកុសល ដ៏ធំមួយ សម្រាប់ការជួយសង្គ្រោះជីវិតមនុស្សផងដែរ។ លោកជំទាវ ក៏បានបញ្ជាក់ទៀតថា ស្មារតីនៃការបរិច្ចាគឈាម ដែលកើតចេញពីសេចក្ដីអាណិតស្រឡាញ់ និងគុណធម៌ ដ៏ពិសិដ្ឋនាថ្ងៃនេះ បានចូលជ្រួតជ្រាបដល់ក្រអៅបេះដូងជនជាតិខ្មែរគ្រប់រូប ឲ្យផុសចេញនូវសណ្ដានចិត្ដអាណិតស្រឡាញ់ ចេះជួយសង្គ្រោះគ្នាទៅ វិញទៅមក តាមរយៈការជួយបរិច្ចាគឈាម ដែលអាចសំយោគជាអត្ថន័យបានថា “បរិច្ចាគឈាមម្នាក់ គឺសង្គ្រោះជីវិតម្នាក់” និង “អំណោយឈាម គឹអំណោយជីវិត” ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង មន្រី្តរាជការគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាមដោយក្តីអាណិតស្រឡាញ់ ហើយអំណោយជាឈាមនេះ គឺជាមហាបុណ្យកុសលដ៏ធំ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ព្រោះបានសង្គ្រោះជីវិតមនុស្ស៕