លោកជំទាវ ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋបរិភោគ​ អាហារបួស ដើម្បីសុខភាព

នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងសន្និសីទអាហារបួសលើកទី ៣ ប្រចាំឆ្នាំ២០១៥ ដែលរៀបចំដោយ សមាគមអ៊ីគ័នតាវប្រចាំព្រះរាជាណាចក្រកម្ពុជា។

សន្និសីទអាហារបួសលើកទី៣ បានរៀបចំឡើងនៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតកោះពេជ្រ ដោយមានវត្តមាន ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ប្រមាណជាង ២.៣០០នាក់។

លោកជំទាវឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីជំរុញអាហារបួសនាពេលនេះ គឺជាការបង្ហាញអំពីការប្តូរការចាប់អារម្មណ៍របស់ពិភពលោក លើការទទួលទានបន្លែ និងផ្លែឈើច្រើនជាងការបរិភោគសាច់ ដើម្បីសុខភាពល្អ។

ការពិសារអាហារបួសគឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការឡើងកំដៅនៃភពផែនដី ស្របពេលដែលពិភពលោកចេះតែកើតមាននូវជំងឺប្លែកៗ។
លោកជំទាវក៏បានកោតសរសើរ អំពីសកម្មភាពកន្លងមករបស់សមាគមអ៊ីគ័នតាវ ដែលដឹកនាំដោយ អ្នកគ្រូឧបជ្ឈា ឡាយ ឆាយចិន អគ្គលេខាធិការសមាគម បានធ្វើការងារដែលពាក់ព័ន្ធនឹងការងារសង្គមជាច្រើន ដូចជា ការបង្រៀនភាសាចិនដោយឥតគិតថ្លៃ ផ្សព្វផ្សាយធម៌កតញ្ញូ និងចែករំលែកវប្បធម៌របស់ប្រទេសចិន ព្រមទាំងបានចែកអង្ករ និងព្យាបាលជំងឺដល់ជនក្រីក្រ និងការបរិច្ចាគឈាមជាដើម ។ល។

សកម្មភាពទាំងអស់នេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដែលស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេស គឺក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នេះបញ្ជាក់ថាសមាគមអ៊ីគ័នតាវពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងឋានៈជាដៃគូអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសមាគមបានរួមចំណែកលើការងារសង្គមកិច្ច ការងារមនុស្សធម៌ ការងារអប់រំបណ្តុះបណ្តាល ការងារសុខុមាលភាពសង្គម ការងារថែរក្សាការពារបរិស្ថាន ការងារជួយលើកកម្ពស់គុណតម្លៃសីលធម៌រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

នាឱកាសនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាឲ្យមានការចាប់អារម្មណ៍លើការបរិភោគអាហារបួសវិញ ប៉ុន្តែមិនមែនជាការចាប់បង្ខំទេ តែជាការពិចារណាលើបញ្ហាសុខភាព ដោយធ្វើការផ្លាស់ប្តូរទម្លាប់ពីការបរិភាគសាច់ ដោយងាកមកបរិភោគអាហារបួសជំនួសវិញគឺ ដើម្បីសុខភាពល្អ បរិស្ថានល្អ ក៏ដូចលើកកម្ពស់តម្លៃសីលធម៌ ធ្វើឲ្យមានសុខសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងចាកផុតពីអំពើហឹង្សានានា៕