លោកជំទាវឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី ២៤

នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២៤ ដែលធ្វើឡើង នៅសាលសន្និសីទចតុមុខ។

លោកជំទាវបានមានប្រសាសន៍ថា មហាសន្និបាតនេះ គឺជាការការបង្កើននូវមហាសាមគ្គីរវាងព្រះសង្ឃ និងពុទ្ធសាសនិក សម្រាប់ប្រមូលផ្តុំគំនិត និងបញ្ញាញាណដ៏ទូលំទូលាយ ដើម្បីរួមចំណែកកាត់បន្ថយ និងលុបបំបាត់អំពើអកុសល និងអំពើហឹង្សាក្នុងសង្គម និងឈោងចាប់យកសុខសន្តិភាព សុខុមាលភាព ផ្លូវកាយ ផ្លូវចិត្ត និងការអភិវឌ្ឍន៍សង្គម។ កន្លងមកកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដោយផ្អែកតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ដោយបានធ្វើការរៃអង្គាស ធ្វើបុណ្យទាន ដើម្បីប្រមូលបច្ច័យជាថវិកាក្តី និងសម្ភារៈក្តី ដើម្បីកសាងវត្ត ព្រះវិហារ សាលាឆាន់ សាលារៀន ទំនប់ទឹក ទ្វារទឹក ប្រឡាយទឹក អណ្តូងទឹក ស្រះ ស្ពាន ផ្លូវលំក្នុងភូមិ ព្រមទាំងបានបញ្ចូលកម្មវិធីព្រះពុទ្ធសាសនាទៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀន និងកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់ទៅនឹងសង្គមជាដើម ។

នាឱកាសនោះផងដែរ លោកជំទាវក៏បានថ្វាយ ប្រគេន និងជូននូវអនុសាសន៍ ៖
ទី១) គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបទបញ្ញត្តិ ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ ដូចជាព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេច និង ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើជាមូលដ្ឋាន ដើម្បីប្រែក្លាយឱ្យទៅជាកំលាំងចលករដ៏មានសារៈសំខាន់ សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា អោយកាន់តែរឹងមាំល្អផូរផង់។
ទី២) គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឱ្យកាន់តែល្អប្រសើរទ្បើងតាមព្រះវិន័យ តាមឋានានុក្រម ដើម្បីពង្រឹងនូវប្រសិទ្ធិភាពការងារ ឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគំរូល្អដល់ពុទ្ធបរិស័ទ និងចូលរួមចំណែក ជួយអប់រំសីលធម៌ ដល់សង្គម ។
ទី៣) គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់យកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ល្អទ្បើងថែមទៀត ជាមួយក្រសួងធម្មការ និងសាសនា មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ក៏ដូចជាជាមួយស្ថាប័នសាសនាដទៃផ្សេងទៀត ដើម្បីសហការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួល បានលទ្ឋផលល្អ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីធានាឲ្យបាននូវសុខដុមនីយកម្មជាតិ។
ទី៤) ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសាលាពុទ្ឋិកគ្រប់កម្រិត ឱ្យក្លាយជាថ្នាល់បណ្តុះបណ្តាលព្រះធម៌ ភាសាបាលី សំស្ក្រឹត និងចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈដើម្បីបម្រើសង្គមជាតិ ។
ទី៥) ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ត្រូវយកចិត្តទុកដាក់ពង្រីកការផ្សព្វផ្សាយព្រះធម៌ តាមរយៈកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សាភ្ជាប់នឹងសង្គម ដើម្បីជួយអប់រំ និងប្រដៅពុទ្ធបរិស័ទ ឱ្យប្រព្រឹត្តអំពើល្អ ចេះយោគយល់អធ្យាស្រ័យ ប្រកាន់សច្ចធម៌ក្នុងសង្គម និងជៀសវាងអំពើបាបគ្រប់ប្រភេទ។
ទី៦) ព្រះថេរានុត្ថេរៈ សមណសិស្ស-និស្សិតគ្រប់ព្រះអង្គត្រូវបន្តខិតខំយកចិត្តទុកដាក់ ស្វាធ្យាយ រៀនសូត្រព្រះធម៌ ព្រះវិន័យ ដើម្បីប្រតិបត្តិឲ្យសមជាស្រែបុណ្យសម្រាប់ជាទីសក្ការៈ ដល់ពុទ្ធបរិស័ទ។
ទី៧) ពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តរួបរួមសាមគ្គីគ្នាកសាងសង្គម និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធ សាសនាឱ្យបានថ្កុំថ្កើងរុងរឿង ដោយចៀសវាងការប្រកាន់បក្សពួក ដែលអាចធ្វើឱ្យពុទ្ធបរិស័ទបាត់បង់ជំនឿ និងធ្វើឲ្យអាប់ឱនដល់ព្រះពុទ្ធសាសនា។