លោកជំទាវ ម៉ែន សំអន អញ្ជើញកាត់ខ្សែបូរណ៍សម្ពោធអគារសិក្សា នៅខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មី ចំនួន ១ខ្នង មាន១០បន្ទប់ កម្ពស់២ជាន់ និងអគារទីចាត់ការ១ខ្នង មាន ៣បន្ទប់ រួមទាំង សមិទ្ធិផលនានា

នៅសាលាបឋមសិក្សា ម៉ឹង សំផន ស្ថិតនៅ ស្ថិតនៅភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ដស្វាយរៀង រួមជាមួយ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអាជ្ញាធរជុំវិញខេត្ត ប្រមាណជិត ១.៨០០នាក់ ។

នាឱកាសនោះលោកជំទាវឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សមិទ្ធិផលថ្មីដែលដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ រួមមជាមួយក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្ដស្វាយរៀង។ ដែលសបញ្ជាក់យ៉ាងច្បាស់ពីមនោសញ្ចេតនាគោរពស្រលាញ់ និងយកចិត្ដទុកដាក់ខ្ពស់របស់ ឯកឧត្ដម រួមទាំងក្រុមការងារចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ក្មួយៗដែលមានតម្រូវការសាលារៀនចាំបាច់បំផុតសម្រាប់ការសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីឲ្យក្លាយជាកុលបុត្រ កុលធីតាល្អពោរពេញដោយចំណេះដឹង និងជាទំពាំងស្នងឫស្សីរបស់សង្គមជាតិយើង។ កន្លងមកឯកឧត្តម និងលោកជំទាវ រួមជាមួយក្រុមការងារក៏បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍នៅក្នុងខេត្តស្វាយរៀង ដូចជា ការកសាងអគារសិក្សា ចលនាសាងសង់ផ្លូវលំជនបទ ចលនាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការជួយឧបត្ថម្ភថវិការាប់សិបលានរៀលជូនដល់សមត្ថកិច្ច ដើម្បីបង្កើនការត្រួតពិនិត្យល្បឿនបើកបរ និងចលនាគៀរគរថវិកាសាងសង់អគារកាកបាទក្រហម ។ល។ សមិទ្ធិផលនានា ដែលយើងកំពុងប្រារព្ធពិធីសម្ពោធនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលថ្មីជាច្រើនឥតគណនា ដែលរាជរដ្ឋាភិបាលបានខិតខំយ៉ាងសស្រាក់សស្រាំ កសាងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ក្នុងគោលដៅជំរុញកំណើន បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាព ហើយនាំប្រទេសជាតិឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ សម្តេចនាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់រដ្ឋយ៉ាងស៊ីជម្រៅគ្រប់វិស័យ ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ និងការកំណត់នូវទស្សនៈ វិស័យអភិវឌ្ឍន៍ប្រទេសសម្រាប់អនាគតដ៏ច្បាស់លាស់ ក្នុងការអនុវត្តគោលនយោបាយ ៤យ៉ាង ជាគន្លឹះ គឺ ៖ មនុស្ស ទឹក ផ្លូវ និងភ្លើង ដើម្បីជាមូលដ្ឋានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ជានិច្ចកាលសម្តេចតែងយកចិត្តទុកដាក់ជាអាទិភាពលើវិស័យអប់រំ និងបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៣-២០១៨ អំពីគោលនយោបាយជាអាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យ៖
១. មាតា បិតា អាណាព្យាបាល កុមារ ដែលគ្រប់អាយុ ចូលសាលា ត្រូវនាំកូនទៅចុះឈ្មោះចូលរៀន ឲ្យបានគ្រប់ៗគ្នា និងបន្តជំរុញ លើកទឹកចិត្តដល់បុត្រធីតា ឲ្យទៅរៀនឲ្យបានទៀងទាត់ ដើម្បីបានទទួលការសិក្សារៀនសូត្រ មានចំណេះដឹងគ្រប់គ្រាន់ សម្រាប់លើកកម្ពស់គុណភាពជីវិតរស់នៅបានប្រសើរ និងចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គម ។
២. បងប្អូន ប្រជាពលរដ្ឋទាំងអស់ជួយពន្យល់ផ្ដល់ដំបូន្មាន ដល់កូន ចៅ ក្មួយ ដែលកំពុងធ្វើការនៅតាមរោងចក្រនានា ដែលកំពុងទទួលបានប្រាក់ខែទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ កុំជឿតាមពាក្យញុះញង់ អូសទាញរបស់ជនអគតិមួយចំនួនឲ្យប្អូនៗ ក្មួយៗ កម្មករ កម្មការិនី ចូលរួមធ្វើបាតុកម្ម កុប្បកម្ម ប្រឆាំងរោងចក្រ នាំឲ្យបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ហើយធ្វើឲ្យជីវភាពគ្រួសារ ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។
៣. ស្នើឲ្យអង្គភាពមានសមត្ថកិច្ច និងបណ្ដាអង្គភាពពាក់ព័ន្ធត្រូវបង្កើន ការយកចិត្ដទុកដាក់ខ្ពស់បំផុត ដោយចុះជាប់ដល់មូលដ្ឋានប្រជាពលរដ្ឋ ត្រៀមជួយក្នុងករណីបន្ទាន់នានា និងអប់រំប្រជាពលរដ្ឋឲ្យចេះថែរក្សាទឹកទុកឲ្យបានល្អ សម្រាប់ទុកប្រើប្រាស់ក្នុងរដូវរាំងស្ងួត និងបង្កើនការប្រយ័ត្នចំពោះគ្រោះអគ្គីភ័យនានា។
៤. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំថែមទៀតក្នុងការការពារសន្ដិសុខសណ្ដាប់ធ្នាប់សង្គម របៀបរៀបរយសាធារណៈអនុវត្ដឲ្យបាន ភូមិ-ឃុំ មានសុវត្ថិភាព បន្ដជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ខិតខំដោះស្រាយ ឲ្យបានល្អនូវបាតុភាពផ្សេងៗក្នុងមូលដ្ឋាន ព្រមទាំធ្វើយ៉ាងណាឲ្យសមិទ្ធផលនានា ដែលយើងបានកសាងទាំងអស់នេះបានដំណើរការល្អ ថែរក្សាគង់វង្ស និងភាពរីកចម្រើនទៅថ្ងៃមុខ ។
៥. អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរផ្លូវគោកឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យរងរបួស ពិការ និងបាត់បង់ជីវិត៕