លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលជួបពិភាក្សា​ការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

នាព្រឹកព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនវជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិកាកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វីលៀម ហៃ (WilliamA.Heidl) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។

ក្នុងជំនួបពិភាក្សា ឯកឧត្តម វីលៀម ហៃ (WilliamA.Heidl) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានថា ក្នុងពេលដែល ឯកឧត្តម អញ្ជើញមកបំពេញបេសកកម្មការទូត ហើយបានឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ច និងមាននការរីកចម្រើនគ្រប់វិស័យបើប្រៀបធៀបរយៈពេល១០ឆ្នាំ កន្លងទៅហើយប្រជាពលរដ្ឋក៏មានជីវភាពធូរធាជាងមុនច្រើន។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍនានា រួមមានវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច និងវិស័យ មនុស្សធម៌ នានានោះក៏មានការចូលរួមចំណែកជួយពីសំណាក់រដ្ឋាភិបាលអាមេរិកដែរទោះ តិចក្តីច្រើនក្តី។សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំរបស់កម្ពុជា ដែលទទួលទិញផលិតផលសម្លៀលបំពាក់ក្នុងមួយឆ្នាំមានតម្លៃរាប់ពាន់លាន ដុល្លារ ហើយបានចូលរួមផ្តល់ការងារធ្វើដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ព្រមទាំងជាទីផ្សារផលិតផលនានា ឯទៀតដែលនាំចូលទីផ្សារអាមេរិក។ សហរដ្ឋអាមេរិក បានជួយលើវិស័យមួយចំនួនមានវិស័យអប់រំ សុខាភិបាល បណ្តុះបណ្តាលជំនាញផ្នែកយោធា ព្រមទាំងកិច្ចការមនុស្សធម៌ជាច្រើនទៀតដល់កម្ពុជា។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែនសំអន បានមានប្រសាសន៍ ជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ថា បេសកកម្មរបស់ឯកឧត្តមនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំង២ កម្ពុជា និងអាមេរិក ឲ្យកាន់តែប្រសើរឡើង ដើម្បីបុព្វហេតុ សន្តិភាព វឌ្ឍន៏ភាព វិបុលភាព ដល់ប្រជាជនប្រទេសទាំង២។ លោកជំទាវឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់បន្តថា ៖ ចំពោះស្ថានភាពនយោបាយនៅកម្ពុជា មានសភាពល្អប្រសើរ លើគ្រប់ទិដ្ឋភាពរួមមាន នយោបាយ សង្គមសេដ្ឋកិច្ច ដំណើរការប្រព្រឹត្តទៅនៃការដឹកនាំអភិវឌ្ឍន៏ប្រទេសទៅដោយរលូនធម្មតា ស្របតាមឆន្ទៈប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្របតាមបំណងប្រាថ្នារបស់ប្រជាជន។

ចំណែកឯគណបក្សនយោបាយដែលមាន អាសនៈនៅក្នុងសភាគឺគណបក្សប្រជាជនកម្ពុជា ជាគណបក្សដឹកនាំប្រទេសមាន ៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ ជាគណបក្ស នៅក្រៅរដ្ឋាភិបាលមាន ៥៥អាសនៈ បានធ្វើការរួមគ្នាបម្រើប្រជាជនស្របតាម គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទន្ទឹមនេះទោះបីមាន គំនិតយោបល់មិនទាន់ស្របគ្នាមួយចំនួនក្នុងកិច្ចដំណើរការបម្រើប្រទេសជាតិ និងផលប្រយោជន៍ប្រជាជនក្តី ក៏គណបក្សទាំងពីរបានខិតខំ ដោះស្រាយបញ្ហានានាតាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្តីពីវប្បធម៌សន្ទនាបានសម្រេចជាផ្លែផ្កាជាច្រើនជូនដល់ប្រទេសជាតិ ធានាបានសុខសន្តិភាពលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព៕

លោកជំទាវឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៌បញ្ជាក់បន្តទៀតថា៖ជីវភាពសេដ្ឋកិច្ចសង្គម របស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង អត្រា នៃភាពក្រីក្រត្រូវបានកាត់បន្ថយនៅ ក្រោម១៨%។ បៀវត្សរ៌មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានបង្កើនថែមទៀត។ ប្រាក់ឈ្នួល អប្បរមា ប្រចាំខែរបស់កម្មករនិយោជិត ត្រូវបានតម្លើងជាបន្តបន្ទាប់ហើយនឹងកើនឡើងដល់១៦០ដុល្លារយ៉ាងតិចនៅ ឆ្នាំ២០១៨៕