លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ផ្តល់មូលនិធិដល់​សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍

នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្តល់មូលនិធិចំនួន ៣២៥,០០០ ដុល្លាអាមេរិក សម្រាប់ការអនុវត្តគម្រោងទឹកស្អាត និងអនាម័យសហគមន៍របស់មូលនិធិកូកាកូឡា

ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

នាឱកាសនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរផងដែរចំពោះមូលនិធិកូកាកូឡា ដូចជា កូកាកូឡាអាតាឡង់តា កូកាកូឡាឥណ្ឌូចិន និងក្រុមហ៊ុនភេសជ្ជៈកូកាកូឡាកម្ពុជា ដែលបានបរិច្ចាគនូវធនធានរបស់ក្រុមហ៊ុន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ នៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ឲ្យទទួលបាននូវទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០១០ ដោយមានជោគជ័យលើអាជីវកម្មរបស់ខ្លួន និងបានយល់ច្បាស់អំពីគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រដល់វិស័យឯកជន លោក ដេវីដ វិកលីវើត នាយកក្រុមហ៊ុនភេសជ្ជៈកូកាកូឡាប្រចាំប្រទេសកម្ពុជា បានចែករំលែកនូវផលចំណេញរបស់ក្រុមហ៊ុន តាមរយៈ ការផ្តល់មូលនិធិចំនួន ៣២៥,០០០ ដុល្លាអាមេរិក ជូនដល់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីយកទៅសាងសង់អណ្តូងទឹកស្អាតប្រភេទធំ ចំនួន ៦២ ផ្តល់ធុងចម្រោះទឹកស្អាតចំនួន ៥៤០ រទេះដឹកទឹកចំនួន ២២ តប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋ ៥៨៥គ្រួសារ និងបានបើកវគ្គអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ហើយការខិតខំប្រឹងប្រែងរបស់វិស័យឯកជនក៏បានជួយដល់វិស័យសង្គមកិច្ច និងមនុស្សធម៌ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

លោកជំទាវឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជាដែលរក្សាបាននូវសេ្ថរភាពក្នុងអត្រា ៧% ការរីកចម្រើនលើវិស័យ សេដ្ឋកិច្ចនេះមិនកាត់ផ្តាច់បានឡើយនូវការរួមចំណែកពីវិស័យឯកជន ហើយ ក៏បានស្នើឲ្យក្រុមហ៊ុនកូកាកូឡាបន្តការឧបត្ថម្ភគាំទ្រដល់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បន្តទៅមុខទៀត៕