លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុង​ពិធី​ផ្សព្វផ្សាយផែន​ការ​សកម្មភាព​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​កុមារ ឆ្នាំ២០១៦-២០១៨

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបីតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

បានអញ្ជើញជាអធិបតីក្នុងពីធីផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារឆ្នាំ២០១៦-២០១៨ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោកជំទាវមានប្រសាសន៍ថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិកុមារ នៅឆ្នាំ១៩៩២ និងលិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធនានាជាច្រើនទាក់ទងទៅនឹងសិទ្ធិ និងការការពារឧត្តមប្រយោជន៍របស់កុមារ ទាំងនេះគឺស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងលើកកម្ពស់ការអនុវត្តគោលការណ៍ទាំង៤ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ រួមមានឧត្តមប្រយោជន៍កុមារ ការមិនរើសអើង សិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ និងការគោរពទស្សនៈកុមារ។

ឆ្លងកាត់ដំណាក់កាលជាច្រើននេះ គឺជាជំហានថ្មីមួយទៀតនៃប្រវត្តិសាស្រ្តកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរាជរដ្ឋាភិបាល បានបង្កើតផែនការសកម្មភាពជាតិ ស្តីពីការអភិវឌ្ឍកុមារដាច់ដោយឡែក ដែលនឹងដាក់ឱ្យអនុវត្តសម្រាប់រយៈពេល៣ឆ្នាំខាងមុខ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ដើម្បីធានាថា បញ្ហាកុមារត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិ សុវត្ថិភាព ស្ថានភាព និងជំនាញរបស់កុមារ។

លោកជំទាវបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានខិតខំបំពេញការងារកន្លងមក ហើយនិងបានជំរុញសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត សំដៅធានាដល់កិច្ចការពារកុមារ ឲ្យកាន់តែមានប្រិសិទ្ធភាព។

ជាទីបញ្ចប់ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន ៥លានរៀល ឧបត្ថម្ភដល់កម្មវិធី៕