លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ស្រង់​ព្រះសុគន្ធវារី នៅខេត្តស្វាយរៀង​

នាព្រឹកថ្ងៃទី១៥កើត ខែបុស្ស ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីស្រង់ព្រះសុគន្ធវារី ប្រគេនព្រះធម្មធរគណៈខេត្ដ ជុំ ចន្ថា ដែលត្រូវបានព្រះមហាក្សត្រប្រោសប្រទាន

គោរមងារជាព្រះវិមិត្ដិសត្ថាព្រះរាជាគណៈថ្នាក់កិត្ដិយស ដែលបានរៀបចំនៅវត្តព្រៃគគីរដួច ស្ថិតនៅភូមិព្រៃគគី ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

លោកជំទាវបានមានប្រសាសន៍ថា ៖ ប្រពៃណីស្រោចសុគន្ធវារីនេះ កើតមានតាំងពីសម័យពុទ្ធកាលមកម្ល៉េះ ហើយមរតកវប្បធម៌ ដែលបានសាយភាយផ្សព្វផ្សាយ ចូលដល់បណ្ដាប្រទេសជាច្រើននៅជុំវិញមហាសាគរប៉ាស៊ីហ្វិក និងមួយផ្នែកធំទៀតនៃពិភពលោក ។ ពិធីស្រោចស្រពសុគន្ធវារី ដែលយើងកំពុងធ្វើនាពេលនេះ ពិតជាសមស្របទៅនឹងគន្លង ប្រពៃណីសាសនា ដែលដូនតាខ្មែរបានប្រតិបត្ដិ ហើយនៅតែបន្ដអនុវត្ដដល់សព្វថ្ងៃ ហើយប្រពៃណីបុណ្យដ៏ប្រសើរនេះ មិនតែរាស្រ្ដប៉ុណ្ណោះទេដែលធ្វើ សូម្បីតែព្រះមហាក្សត្រម្ចាស់ផែនដី ក៏ព្រះអង្គតែងតែប្រារព្វពិធីរបៀបនេះ តាំងតែពីបឋមវង្ស ទុតិយវង្ស តតិយវង្សដរាបរហូតដល់បច្ចុប្បន្ន។ ការស្រោចស្រពសុគន្ធវារីនេះក៏បានធ្វើឲ្យជីវិតឧត្ដុងឧត្ដម ថែមទាំងអបអរសាទរ និងបានបង្ហាញពីលទ្ធផលការងាររបស់ព្រះគ្រូចៅអធិការ ដែលព្រះអង្គបានខិតខំបម្រើក្នុងព្រះពុទ្ធសាសនាសម្រេចបានក្នុងរយៈកាលកន្លងមកជាច្រើនឆ្នាំគួរជាទីមោទនៈ។

លោកជំទាវក៏បានលើកឡើងផងដែរថា ៖ ការរីកចម្រើនទាំងផ្នែពុទ្ធចក្រ និងអណាចក្រសព្វថ្ងៃនេះ គឺក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគោរពសិទ្ធ សេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និងការគោរពពុទ្ធសាសនា និងសាសនាដទៃទៀត ដោយគ្មានការរើសអើង និងយល់ថា ទំនាក់ទំនងរវាងជំនឿ សាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ប្រជាជនកម្ពុជាចាត់ ទុកវិស័យព្រះពុទ្ធសាសនា គឺជាផ្នែកមួយនៃអត្ដសញ្ញាណជាតិ ដែល មានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។

ជាទីបញ្ជប់លោកជំទាវក៏បានបួងសួងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំប្រទេស សូមអោយជួបសេចក្តីសុខចម្រើន អាយុយឿនយូរ ប្រកបកិច្ចអ្វីសូមអោយបានដូចក្តីប្រាថ្នា និងជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕