លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ស្រង់​ព្រះសុគន្ធវារី នៅរាជធានីភ្នំពេញ

រសៀលថ្ងៃទី២រោច ខែបុស្ស ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទំាងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទ បាននំាយកបច្ច័យ ទេយ្យទាន និងថវិកា

ទៅចូលរួម ពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល និងពិធីស្រោចព្រះសុគន្ធវារី ថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចម្រើនព្រះជន្មាយុ៨៤ ព្រះវស្សាយាងចូល៨៥ ព្រះវស្សារបស់ព្រះអង្គ។

ប្រពៃណីស្រោចសុគន្ធវារីនេះ កើតមានតាំងពីសម័យពុទ្ធកាលមកម្ល៉េះ ហើយមរតកវប្បធម៌ ដែលបានសាយភាយផ្សព្វផ្សាយ ចូលដល់បណ្ដាប្រទេសជាច្រើននៅជុំវិញមហាសាគរប៉ាស៊ីហ្វិក និងមួយផ្នែកធំទៀតនៃពិភពលោក ។ ពិធីស្រោចស្រពសុគន្ធវារី ដែលយើងកំពុងធ្វើនាពេលនេះ ពិតជាសមស្របទៅនឹងគន្លង ប្រពៃណីសាសនា ដែលដូនតាខ្មែរបានប្រតិបត្ដិ ហើយនៅតែបន្ដអនុវត្ដដល់សព្វថ្ងៃ ហើយប្រពៃណីបុណ្យដ៏ប្រសើរនេះ មិនតែរាស្រ្ដប៉ុណ្ណោះទេដែលធ្វើ សូម្បីតែព្រះមហាក្សត្រម្ចាស់ផែនដី ក៏ព្រះអង្គតែងតែប្រារព្វពិធីរបៀបនេះ តាំងតែពីបឋមវង្ស ទុតិយវង្ស តតិយវង្សដរាបរហូតដល់បច្ចុប្បន្ន។

នាឱកាសនោះផងដែរ លោកជំទាវក៏បានបួងសួងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ជាពិសេសប្រជាពលរដ្ឋនៅទូទាំប្រទេស សូមអោយជួបសេចក្តីសុខចម្រើន អាយុយឿនយូរ ប្រកបកិច្ចអ្វីសូមអោយបានដូចក្តីប្រាថ្នា និងជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕