លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ និង​ការស៊ីណូ នៅខេត្តស្វាយរៀង

នារសៀលថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសណ្ឋាគារ និងការស៊ីណូ ហ្គោលដិន ហ្គាឡាក់ស៊ី (Golden Galaxy Hotel and Casino) ដែលមានទីតាំងស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះលោកជំទាវឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ៖ ការសម្ពោធសណ្ឋាគារ និងការស៊ីណូ ហ្គោលដិន ហ្គាឡាក់ស៊ី (Golden Galaxy Hotel and Casino) របស់ក្រុមហ៊ុន KBI នៃសាធារណៈរដ្ឋកូរ៉េ មានកម្ពស់ ១១ជាន់ ២០០បន្ទប់ ដាក់ឲ្យដំណើរការនៅថ្ងៃនេះគឺជាការបង្ហាញនូវសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តស្វាយរៀង ដែលជាខេត្តភាគខាងកើតនៃប្រទេសកម្ពុជា ។ តាមរយៈសណ្ឋាគារ និងកាស៊ីណូនេះ បានជួយបម្រើដល់វិស័យសេវាកម្មកំសាន្ត និងទេសចរណ៍ និងបានបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់ក្នុងខេត្តស្វាយរៀង បានចំនួន៦៥០នាក់ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែបានផ្តល់ទំនុកចិត្ត និងផ្តោតការយកចិត្តទុកដាក់លើវិស័យឯកជន ដោយបានជំរុញឲ្យវិស័យឯកជនកាន់តែឲ្យរីកលូតលាស់បន្ថែមទៀត ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍនសេដ្ឋកិច្ច-សង្គមកម្ពុជានាពេលបច្ចុប្បន្ន។

លោកជំទាវក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំនៃខេត្តស្វាយរៀង ជាពិសេស អភិបាលក្រុងបាវិត សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាអនាម័យ និងការរៀបចំសោភណ្ឌភាពរបស់ក្រុង ដើម្បីកម្ពស់មុខមាត់របស់ក្រុង ក៏ដូចជាការបង្កើននូវការចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍បានមកទស្សនាក្នុងក្រុងបាវិត ខេត្តស្វាយរៀងយើងនេះ៕