លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​អនុញ្ញាត​ឲ្យ​​តំណាង​តំបន់សេដ្ឋកិច្ចពិសេស មែនហាតថែន និងសមាគមកាត់ដេរកម្ពុជា​ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យ លោក ឡារី កៅ តំណាងឲ្យតំបន់សេដ្ឋកិច្ចពិសេស មែនហាតថែន និងសមាគមកាត់ដេរកម្ពុជា

រួមជាក្រុមការងារបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនោះ លោកជំទាវឧបនាយករដ្ឋមន្រ្តី បានថ្លែង កោតសសើរចំពោះការដឹកនាំ កន្លងមកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាំងពីចាប់ផ្តើមរហូតដល់សព្វថ្ងៃនេះ។ លោកជំទាវ បានមានប្រសាសន៍បន្តថា កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ តែងតែយកចិត្តទុកដាក់ និងជម្រុញវិស័យឯកជនឲ្យកាន់តែរីកចម្រើន និង បានជួយឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

ក្នុងជំនួបនោះផងដែរ លោក ឡារី កៅ បានសំណូមពរជូនចំពោះលោកជំទាវ ឧបនាយករដ្ឋមន្រ្តី ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលឲ្យជួយការពារ និងអនុវត្តតាមច្បាប់រាល់អំពើ និងបាតុភាពផ្សេងៗដែលកើតមានឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលកន្លងមកបង្កឡើងដោយជនអគតិមួយចំនួនតូច។

ជាការឆ្លើយតប លោកជំទាវឧបនាយករដ្ឋមន្រ្តី បានសំណូមពរឲ្យក្រុមហ៊ុន និងរោងចក្រផ្សេងៗដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះត្រូវគិតគូរ និងការពារផលប្រយោជន៍កម្មករ កម្មការិនីផងដែរ។