លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួល​​ជួប​គណៈប្រតិភូ​​សាខា​សមាគម​នារី​ក្រសួង​ព័ត៌​មាន​

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យគណៈប្រតិភូ សាខាសមាគមនារីក្រសួងព័ត៌មាន ដឹកនាំដោយ លោកជំទាវ ទេព រង្សីុ ខៀវ កញ្ញារីទ្ធ បានចូលសម្តែងការគួរសម និងដើម្បីអបអរសាទរខួបទិវាអន្តរជាតិនារីលើកទី១០៥

ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។

ជាកិច្ចចាប់ផ្តើម លោកជំទាវ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ ក្រសួងព៌តមានដែលខិតខំប្រឹងប្រែង ធ្វើការផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ សារាចរ សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបក្ស គ្រប់លំដាប់ថ្នាក់ ជូនដល់ប្រជាពលរដ្ឋបានយល់ដឹងពីស្ថានការណ៏ទូទៅ ក៏ដូចជាចំណេះដឹងនានា ពិសេសបញ្ហាទាក់ទងនឹងស្ត្រី ។ ការប្រារព្វខួបលើកទី ១០៥ ទិវាអន្តរជាតិនារី ៨មិនា ក្នុងឆ្នាំនេះចំពេលដែល ប្រជាពលរដ្ឋនៅទូទាំងប្រទេស បាននឹងកំពុងអបអរសារទរខួប ៣៧ ឆ្នាំ នៃថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាលរដ្ឋបានរស់នៅដោយសុខដុមរមនា មានជីវភាពធូធារ និងមានសុខសុវត្ថិភាពយ៉ាងពិតប្រាកដ៕