លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ផ្សព្វផ្សាយ​អំពី​ទស្សនៈ​យេនឌ័រ​

ទីស្តីការក្រសួង ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជា អធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ីដ-CEDAW) និងអនុសាសន៍១២ចំណុច

របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការពុះពារខិតខំប្រឹងប្រែងរបស់ក្រុមការងារយេនឌ័រ រួមទាំងសមាជិកសមាជិកាទាំងអស់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំក្រុមការងារបំពេញភារកិច្ច-កាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយសម្រចបានស្នាដៃជាច្រើនគួរឲ្យសាទរ។

លោកជំទាវក៏បានបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ីដ-CEDAW) នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានឆ្លើយតបទាំងស្រុងទៅនឹងគោលនយោបាយស្រី្ដរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ។ កន្លងមកសម្តេចបានយកចិត្ដទុកដាក់ខ្ពស់ ចំពោះនារីតាមរយៈការដាក់ចេញគោលនយោបាយយេនឌ័រ និងគោលនយោបាយជាច្រើនទៀត ពាក់ព័ន្ធនឹងការលើកកម្ពស់នារីគ្រប់វិស័យក្នុងសង្គម បានបង្កើតក្រសួងកិច្ចការនារី ក៏ដូចជាបានបង្កើតឲ្យមានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្ដី គណៈកម្មាធិការជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដើម្បីស្រ្ដី តាមរយៈការផ្ដល់អំណាចផ្នែកសេដ្ឋកិច្ច ការទទួលបានកិច្ចការពារផ្លូវច្បាប់កាន់តែប្រសើរ និងបង្កើនការចូលរួមរបស់ស្ដ្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្ដ ក្នុងវិស័យនយោបាយ និងវិស័យសាធារណៈសំដៅអនុវត្ដគោលនយោបាយទាំងនោះឲ្យមានប្រសិទ្ធភាព ។
ទទ្ទឹមនឹងនោះ ដើម្បីជំរុញខ្លឹមសារផ្សព្វផ្សាយខាងលើ ឲ្យក្លាយជាការអនុវត្ដជាក់ស្ដែងលោកជំទាវក៏បានផ្ដល់អនុសាសន៍សម្រាប់មន្រីិទរាជការគ្រប់ លំដាប់ថ្នាក់ត្រូវ ៖ (១) បន្ដចូលរួមគាំទ្រចំពោះសកម្មភាពទាំងឡាយ របស់ក្រុមការងារបច្ចេកទេសយេនឌ័រក្រសួង ដើម្បីរួមចំណែកគ្រប់អង្គភាពចូលរួមអនុវត្ដឲ្យសម្រេចបានជោគជ័យជាវិជ្ជមាន លើការអភិវឌ្ឍន៍ សមភាពយេនឌ័រនៅកម្ពុជា (២) ខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពចំណេះដឹង ចំណេះធ្វើតាមរយៈការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជាប្រចាំ និងពន្លឿនការងារឲ្យកាន់តែសកម្មស្វាហាប់ ជាពិសេសតួនាទីស្នូលភារកិច្ចតាមអង្គភាពនីមួយៗ ដែលមានសមាសភាពស្រ្ដី ក្នុងនោះដែរត្រូវបង្កើនសក្ដានុពលឲ្យបានខ្លាំងក្លា ដើម្បីជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបានរបស់សមភាគីបុរស (៣) ធ្វើជាមន្រ្ដីរាជការល្អ មានសម្បជញ្ញៈ បម្រើសេវាសាធារណៈ គោរពច្បាប់ មានភក្ដីភាពក្នុងការបម្រើប្រជាពលរដ្ឋ ជាភរិយាល្អ ជាអ្នកម្ដាយដ៏ល្អ និងជាគម្រូស្រ្ដីខ្មែរដ៏ល្អ៕