លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៥ ទិវា​អន្តរជាតិ​ ៨មីនា ឆ្នាំ២០១៦ នៅ​ខេត្តស្វាយរៀង

ស្វាយរៀង៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៥ ទិវាអន្តរជាតិ ៨មីនា

ឆ្នាំ២០១៦ ក្រោមប្រធានបទ "វិនិយោគលើសមភាពយែនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព" ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វារៀង។

ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលកន្លងមក សម្តេចទាំងពីរ បានផ្តល់នូវជំនួយទាំងស្មារតី ទាំងថវិកា និងសម្ភារៈ ក្នុងន័យលើកស្ទួយនារី ។ លោកជំទាវក៏ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ ខេត្តស្វាយរៀង ដែលខិតខំប្រឹងប្រែងបម្រើការងារកន្លងមក។ ការប្រារព្វខួបលើកទី ១០៥ ទិវាអន្តរជាតិនារី ៨មីនា ក្នុងឆ្នាំនេះស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅដោយសុខដុមរមនា មានជីវភាពធូធារនិងមានសុខសុវត្ថិភាព និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត៕