លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​សម្ពោធ​មន្ទីរ​ពហុព្យាបាល​អន្តរជាតិ​ខេមា

ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមន្ទីរពហុព្យាបាលអន្តរជាតិខេមា ស្ថិតក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នាឱកាសនោះផងដែរលោកជំទាវក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំ និងការអនុវត្តន៍នូវគោលនយោបាយ ឈ្នះ ឈ្នះ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងមានភាពរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ក៏ជាផ្នែកមួយនៃការអភិវឌ្ឍនផងដែរ ។ ការដាក់សម្ពោធអគារមន្ទីរពហុព្យាបាលអន្តរជាតិខេមា នៅទឹកដីខណ្ឌចំការមន ដ៏ល្អប្រណិតនាពេលនេះ គឺជាការបង្ហាញនូវរីកចម្រើន និងការកើនឡើងនូវធនធានសុខាភិបាល រួមជាមួយនឹងការវិវឌ្ឍននូវបច្ចេកវិទ្យាផ្នែកសុខាភិបាលផងដែរ ទើបមន្ទីរពហុព្យាបាលអន្តរជាតិខេមានាបានបំពាក់នូវឧបករណ៍ទំនើបៗ សម្រាប់ដំណើរការ និងបម្រើសេវាកម្មជូនប្រជាពលរដ្ឋ ។ លោកជំទាវក៏បានបន្តទៀតថា មន្ទីរពហុព្យាបាលអន្តរជាតិខេមា នឹងខិតខំប្រឹងប្រែងបម្រើសេវាកម្មឲ្យបានល្អជូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាពិសេស បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីជាការទាក់ទាញនូវការចាប់អារម្មណ៍របស់ ប្រជាពលរដ្ឋ និងប្តូរទិសដៅពីការចេញទៅព្យាបាលនៅក្រៅប្រទេស មកធ្វើការព្យាបាលនៅក្នុងស្រុកវិញ ។ មន្ទីរពេទ្យខេមាក៏បានរួមចំណែកផងដែរក្នុងការកាត់បន្ថយនូវភាពក្រីក្រ តាមរយៈ ការបង្កើនឱកាសការងារដល់ប្រជាជនក្នុងស្រុក និងការកាត់បន្ថយនូវការចំណាកស្រុកផងដែរ។