ពិធី​បិទ​អនុ​សំវច្ឆរ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី២៥

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៥ នារសៀលថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៧ នៅសាលសន្និសីទចតុមុខ។

លោកជំទាវមានប្រសាសន៍បញ្ជាក់ថា៖ នៅពេលដែលប្រទេសជាតិមានការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច ចរន្តនៃវប្បធម៌បរទេស និងភាពទាន់សម័យ ក៏បានកំពុងហូរចូលយ៉ាងគំហុក ពិសេសតាមរយៈបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា ធ្វើឱ្យយើងអាចទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតដែលនៅឆ្ងាយៗ ដូចជាទំនាក់ទំនងជាមួយភ្ញៀវទេសចរណ៍ ឱ្យចូលមកទស្សនាប្រទេសយើងជាដើម។ ការងារនេះគេចមិនផុតពីការទទួលឥទ្ធពលពីវប្បធម៌ រួមទាំងសាសនាពីក្រៅផងដែរ ហើយដែលអាចជាកត្តានាំឱ្យមានការយល់ខុសពីចំណុចល្អពិតប្រាកដរបស់វប្បធម៌ និងសាសនា។ ដើម្បីឆ្លើយតបនឹងការវិវត្តន៍នេះ លោកជំទាវ សូមរំលឹកថា ព្រះពុទ្ធសាសនា ជាសាសនា ដែលមានលក្ខណៈទ្រឹស្តីអំពីជីវិត ជាទស្សនវិជ្ជា មិនចេះរីងស្ងួត និងមានលក្ខណៈតថនិយម និងមិនមែនជាទស្សនវិជ្ជាដែលនៅនឹងថ្កល់។ ដូចនេះក្រសួងធម្មការ និងសាសនា រួមជាមួយព្រះសង្ឃគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងចំណេះដឹង និងសមត្ថភាពខាងធម្មការ និងព្រះពុទ្ធសាសនា តាមរយៈការពង្រឹងអគ្គាពុទ្ធិកសិក្សា និងគោរពឱ្យបានខ្ជាប់ខ្ជួននូវធម៌វិន័យ សំដៅចៀសវាងឱ្យបាននូវបាតុភាពអសកម្មនានា ដើម្បីជាគំរូល្អ និងកសាងឱ្យបានទំនុកចិត្ត និងការជឿជាក់លើព្រះពុទ្ធសាសនា។