លោកជំទាវ ម៉ែន សំអន ផ្តល់​អនុសាសន៍ ៤ចំនុច សម្រាប់​ទិសដៅ​អនុវត្ត​បន្ត របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តឆ្នាំ២០១៧ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្វាយរៀង

ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។

នាឱកាសនោះផងដែរ លោកជំទាវក៏បានកោតសរសើរចំពោះក្រុមការងារថ្នាក់ក្រោមជាតិ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធដែលបានដោះស្រាយនូវរាល់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលសកម្មភាពទាំងអស់ នេះបានធ្វើឲ្យពួកគាត់កាន់តែយល់ច្បាស់ពីគោលនយោបាយ និងកាន់តែមានទំនុកចិត្តមកលើរាជរដ្ឋាភិបាល។

លោកជំទាវក៏បានលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺរាល់បញ្ហាដែលកើតឡើងក្នុងមូលដ្ឋានខេត្ត ក្រុង ស្រុក ឬខណ្ឌណា គឺអាជ្ញាធរមូលដ្ឋាននោះធ្វើការដោះស្រាយជាបន្ទាន់ ក្នុងករណីដែលដោះស្រាយពុំបានទើបរាយការណ៍ទៅថ្នាក់លើដើម្បីដោះស្រាយបន្ត ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានផ្តល់អនុសាសន៍ដូចតទៅ៖

១. ត្រូវបន្តជំរុញឲ្យជោគជ័យកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាពអសកម្ម របស់មន្ត្រី ថ្នាក់ដឹកនាំទាំងស្ថាប័នបក្ស និងស្ថាប័នរដ្ឋ ដោយបន្តការអនុវត្តតាមទិសស្លោក "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល" ។ 

២. បន្តតាមដានស្តាប់អនុសាសន៍ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង ។

៣. បន្តផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី។

៤. ត្រូវបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន IT ជាពិសេសត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គម ដោយសារបច្ចុប្បន្ននេះ ការប្រើប្រាស់ទំនាក់ទំនងតាម Facebook, Email, Line, WhatsApp និង Telegram ជាដើម ដែលសុទ្ធសឹងជាមធ្យោបាយទំនាក់ទំនង កំពុងពេញនិយម និងឆាប់រហ័ស។

លោកជំទាវក៏បាន សំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងពាក់ព័ន្ធ សុំពិនិត្យមើល និង លុបបំបាត់ឱ្យបាននូវការដាក់កុងត្រូលជជុះ។  ចំណែកឯអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងពាក់ព័ន្ធបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនូលគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដែលបានកំណត់លក្ខណៈសម្បតិ្ត ៩យ៉ាង រួមទាំងវិធានការ ៩ចំណុចផងដែរ ។