ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៧ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោកជំទាវក៏បានមានប្រសាសន៍ថា ៖ សន្និបាតរយៈពេលពេញមួយថ្ងៃនេះបានបញ្ចប់ទៅដោយរលូន ហើយលទ្ធផលនេះកើតចេញពីការចូលរួមចំណែករបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ទាំងថ្នាក់ជាតិ និងរាជធានី-ខេត្ត ដែលបានខិតខំ ប្រឹងប្រែងបំពេញការងារ រួមគ្នាយ៉ាងសស្រាក់សស្រាំ រៀបចំ និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ដោយប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ការងារជាក់ស្តែងក្នុងគោលបំណងស្វែងរកឲ្យឃើញបញ្ហាប្រឈម ហើយបានដាក់ចេញជាផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០១៧នេះ ។

លោកជំទាវក៏បានសំណូមពរដល់គ្រប់អង្គភាពឲ្យបង្កើនការត្រួតពិនិត្យលើការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីឲ្យបានសមស្រប ការប្រើប្រាស់ធនធានមនុស្សឲ្យបានត្រឹមត្រូវ និងត្រូវខិតខំបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។