លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌ ដើម្បី​បរិស្ថាន និង​ទេសចរណ៍

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ ដើម្បីបរិស្ថាន និងទេសចរណ៍ នៅមជ្ឈមណ្ឌល និងពិពណ៌កោះពេជ្រ រាត្រីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់នូវឆន្ទៈ និងសមានចិត្តចូលរួមឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានដល់ការលើកកម្ពស់តម្លៃសិល្បៈ មរតកវប្បធម៌ ដើម្បីបុព្វហេតុមនុស្សធម៌ បរិស្ថាន និងទេសចរណ៍ ដោយមានការគាំទ្រពីសំណក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវក៏បានបន្តទៀតថា ការរៀបចំប្រគុំតន្ត្រីនាពេលនេះគឺ ផ្តោតលើការអប់រំ តម្រង់ទិស និងបណ្តុះមនសិការប្រជាពលរដ្ឋឲ្យយល់ដឹងអំពីតម្លៃបរិស្ថាន ដោយផ្សារផ្ជាប់ទៅនឹងមរតក វប្បធម៌របស់ជាតិ សំដៅផ្លាស់ប្តូរផ្នត់គំនិត និងប្រែក្លាយឥរិយាបថប្រជាពលរដ្ឋឲ្យមានទម្លាប់ល្អសម្រាប់បរិស្ថាន តាមរយៈការរស់នៅស្អាត ការស្រឡាញ់ ថែរក្សា និងការពារធនធានធម្មជាតិ និងការចូលរួមលើកម្ពស់តម្លៃអត្តសញ្ញាណជាតិ និងសម្បត្តិវប្បធម៌ និងដើម្បីបំផុសស្មារតីប្រជាជាតិនៅទូទាំងសកលលោកឲ្យបន្តខិតខំចូលរួមចំណែកលើកកម្ពស់គុណភាពបរិស្ថាន ធានារក្សាឲ្យបាននូវតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ការរស់នៅដោយចីរភាព និងសុវត្ថិភាពនៃភពផែនដីទាំងមូល។