លោកជំទាវ ម៉ែន សំអន បាន​អំពាវនាវ​ឲ្យ​មាតា បិតា​គ្រប់រូប​ត្រូវ​អប់រំ​កូ​ន​ចៅ ឱ្យចៀសផុតពីគ្រឿងញៀន និង​គោរព​ច្បាប់​ចរាចរណ៍​

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» នារសៀលថ្ងៃទី០៧ មីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ។

លោកជំទាវក៏បានបញ្ជាក់ថា៖ ប្រធានបទដែលបានលើកឡើងក្នុងទិវាអន្តរជាតិនារី ៨មីនាឆ្នាំនេះ គឺជាប្រធានបទយ៉ាងល្អប្រសើរបំផុត ដែលស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃ។

លោកជំទាវបានបន្តទៀតថា ៖ ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដែលបន្ទាប់ពីបានរំដោះចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត មកថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ឲ្យមានការប្រារព្ធពិធីរំលឹកខួប នៃការទទួលស្គាល់សិទ្ធិស្ត្រីនេះឡើង នៅតាមស្ថាប័នគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស រួមជាមួយនឹងការយកចិត្តទុកដាក់ ផ្តល់តម្លៃយ៉ាងខ្ពស់ ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កលក្ខណៈឲ្យមានការតែងតាំង ដំឡើងឋានៈ តួនាទីស្ត្រី ជាបន្តបន្ទាប់ ដែលជាវិធានការបន្ទាន់ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា។
លោកជំទាវក៏បានបញ្ជាក់ជូនមន្ត្រីរាជការទាំងអស់ថា ធនាគា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគមន៍ដែលបានផ្តល់លុយឲ្យ ប្រជាពលដ្ឋខ្ចីនោះមិនមែនជារបស់រដ្ឋនោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ ព្រោះមានគណបក្សមួយបានដើរនិយាយថា បើបក្សគេជាប់ឆ្នោតគេនឹងជួយលុបបំណុលធនាគាទាំងអស់នេះជាឃោសនាបោកប្រាស់ទេ សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់គេឲ្យសោះ។
លោកជំទាវក៏បានអំពាវនាវដល់មាតា បិតាគ្រប់រូបផងដែរ គឺត្រូវធ្វើការណែនាំដល់កូនចៅ ពីផលប៉ះពាល់របស់គ្រឿងញៀន និងអប់រំពួកគាត់ឲ្យចៀសផុតពីការប្រើប្រាស់គ្រឿងញៀន និងចួលរួមគោរពច្បាប់ចរណ៍ឲ្យបានគ្រប់ៗគ្នា និងស្នើដល់ប្រជាពលរដ្ឋគ្រប់រូបដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រូវត្រៀមខ្លួនទៅចូលរួមបោះឆ្នោតនាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕