វិស័យអប់រំ ត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលផ្តុំរួមគ្នា​ផ្តល់ធនធាន កំលាំងកាយ កំលាំងប្រាជ្ញា និងកំលាំងស្មារតី

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងលើកទិសដៅ សម្រាប់ឆ្នាំសិក្សា

២០១៦-២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។

នាឱកាសនោះ លោកជំទាវបានវាយតម្លៃ លើការអនុវត្តគោល នយោបាយ និងផែនការសកម្មភាព ក្នុងវិស័យអប់រំ ដែលបានអនុវត្តនាពេលកន្លងមក ព្រមទាំងលើកទិសដៅការងារ សម្រាប់ឆ្នាំសិក្សាថ្មីឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឲ្យឆ្លើយតបទៅនឹងតម្រូវការរៀនសូត្រលើគ្រប់ផ្នែកនៅទូទាំងប្រទេស និងតម្រូវការ ទីផ្សារពលកម្ម។

លោកជំទាវបានបន្តទៀតថា ការចូលរួមចំណែកនិងការជួយគាំទ្រទាំងធនធានបច្ចេកទេស និងហិរញ្ញវត្ថុពីគ្រប់មជ្ឈដ្ឋាន គឺជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តពាក្យស្លោក៖ «ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ»។ លើសពីនេះទៀត កុមារ និងយុវជន ក្នុងស្ថានភាពណាក៏ ដោយត្រូវទទួលបានការអប់រំ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា «ប្រជាពលរដ្ឋត្រូវបានទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ»។ វិស័យអប់រំមិនអាចអនុវត្តតែក្រសួងអប់រំ យុវជន និងកីឡានោះទេ ត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលផ្តុំរួមគ្នាផ្តល់ធនធាន កំលាំងកាយ កំលាំង ប្រាជ្ញា និងកំលាំងស្មារតី ក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ ដើម្បី «កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព» នៅកម្ពុជា៕