លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យ​ស្រោចស្រព ព្រះសុគន្ធវារិ នៅ​វត្តនាគវន្ត

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារិ ប្រគេនព្រះគ្រូនាគស្ថាសុខមោ នី សុវណ្ណមុនីរ៉េត ដែលព្រះអង្គត្រូវបានទទួលព្រះគោរម្យងារជា ព្រះធម្មវិជ្ជា នី សុវណ្ណមុនីរ៉េត ព្រះរាជាគណៈថ្នាក់កិត្តិយស នៅវត្តនាគវន្ត រាជធានីភ្នំពេញ។

សូមជម្រាបជូនផងដែរថា ប្រពៃណីស្រោចសុគន្ធវារីនេះ កើតមានតាំងពីសម័យពុទ្ធកាលមកម្ល៉េះ ហើយមរតកវប្បធម៌ ដែលបានសាយភាយផ្សព្វផ្សាយ ចូលដល់បណ្ដាប្រទេសជាច្រើននៅជុំវិញមហាសាគរប៉ាស៊ីហ្វិក និងមួយផ្នែកធំទៀតនៃពិភពលោក ។ ពិធីស្រោចស្រពសុគន្ធវារី ដែលយើងកំពុងធ្វើនាពេលនេះ ពិតជាសមស្របទៅនឹងគន្លង ប្រពៃណីសាសនា ដែលដូនតាខ្មែរបានប្រតិបត្ដិ ហើយនៅតែបន្ដអនុវត្ដដល់សព្វថ្ងៃ ហើយប្រពៃណីបុណ្យដ៏ប្រសើរនេះ មិនតែរាស្ដ្រប៉ុណ្ណោះទេដែលធ្វើ សូម្បីតែព្រះមហាក្សត្រម្ចាស់ផែនដី ក៏ព្រះអង្គតែងតែប្រារព្វពិធីរបៀបនេះ តាំងតែពីបឋមវង្ស ទុតិយវង្ស តតិយវង្សដរាបរហូតដល់បច្ចុប្បន្ន។នាឱកាសនោះផងដែរ លោកជំទាវ ក៏បានបួងសួងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ជាពិសេសប្រជាពលរដ្ឋនៅទូទាំប្រទេស សូមឲ្យជួបសេចក្តីសុខចម្រើន អាយុយឿនយូរ ប្រកបកិច្ចអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និងជួបពុទ្ធពរទាំងបួនប្រការ ៕