លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលីសាង​សង់ ទីស្នាក់ការ​កណ្ដាល សមាគមន៍​ខ្មែរ-ចិន

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ទីស្នាក់ការកណ្ដាលរបស់សមាគមន៍ខ្មែរ-ចិន

ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិនប្រចាំកម្ពុជា ឯកឧត្តមឧកញ៉ា ឃុន សៀ ប្រធានគណៈកម្មការសាងសង់ទីស្នាក់ការសមាគមខ្មែរ-ចិនប្រចាំកម្ពុជា រួមជាមួយនឹងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ។

លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ការសាងសង់អាគារនៅទីនេះបានបង្ហាញឲ្យឃើញថា កម្ពុជាការរីកចម្រើនផ្នែកសេដ្ឋកិច្ច មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានស្ថេរភាពនយោបាយល្អ រួមជាមួយនឹងការជួយជ្រោមជ្រែងពីសំណាក់រាជារដ្ឋាភិបាលកម្ពុជាក្នុងការជួយជម្រុញលើកទឹកចិត្ត និងសម្របសម្រួលដល់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ហើយសកម្មភាពទាំងនេះក៏បានបង្ហាញឲ្យឃើញអំពីចំណងមិត្តភាព និងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសចិនកាន់តែមានភាពជិតស្និត និងរីកចម្រើន។