លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​បិទពិធី​សូត្រ​គម្ពីរ​អាល់គួរ​អាន​ថ្នាក់​ជាតិ លើក​ទី២៦

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងឱកាសបិទពិធីសូត្រគម្ពីរ អាល់គួរអានថ្នាក់ជាតិ លើកទី២៦ នៅម៉ាស្ជិទអាល់មូបារ៉ាក់

ស្ថិតក្នុងភូមិពោធិ៍ឥន្ធ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នំា២០១៧។

លោកជំទាវបានបញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកម្ពុជាប្រែក្លាយពី ប្រទេសដែលបាក់បែកដោយសង្គ្រាមរាំរ៉ៃ ខេ្ទចខ្ទាំ មកជាប្រទេសដែលមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ហើយចំណែកឯប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងបងប្អូនខ្មែរឥស្លាមផងដែរ ក៏បានរូមរស់ និងប្រាស្រ័យ ទាក់ទងគ្នាដោយសុខសាន្ត និងមានភាពស្និទ្ធិស្នាល មិនប្រកាន់ពូជសាសន៍ និងសាសនានោះទេ ដោយប្រកាន់យកនូវវប្បធម៌ សន្តិភាព អហិង្សា និងបង្រួបបង្រួមជាតិ ដែលជាបច្ច័យដ៏ល្អសម្រាប់ អភិវឌ្ឍន៍ប្រទេសជាតិ។
លោកជំទាវបានបន្ដទៀតថា៖ ប្រធានបទដែលបានដាក់ចេញ នៅក្នុងពិធីសូត្រគម្ពីរ អាល់គួរអានលើកទិ២៦ ស្តីពី ឥស្លាម និងនារី នៅឆ្នាំនេះគឺបានផ្សារភ្ជាប់ទ្រឹស្តីដែលមាននៅក្នុងគម្ពីរអាល់គួរអានទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយ៉ែនឌ័រ ដែលជាការរួមចំណែក ធ្វើឲ្យមានសុវត្ថិភាព សន្តិសុខ សុខុដុមនីយកម្ម គុណធម៌ និងមោទនភាពជាតិ។
ចំណែកឯបេក្ខជន បេក្ខនារី ដែលបានចូលរួម សូត្រគម្ពីឆ្នាំនេះមានចំនួន ៣៦រូប មកពីគ្រប់ខេត្ដ-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។ បេក្ខជនដែលទទួលបានជ័យលាភី លេខ ១ មកពីខេត្ដពោធិ៍សាត់ និងបេក្ខនារី ដែលទទួលបានជ័យលាភី លេខ១ មកពី រាជធានីភ្នំពេញ បេក្ខជនដែលទទួលបានជ័យលាភីលេខ ២ មកពីខេត្ដក្រចេះ និងបេក្ខនារី ដែលទទួលបានជ័យលាភី លេខ២ មកពីខេត្តកំពត បេក្ខជនដែលទទួលបានជ័យលាភី លេខ ៣ មកពីខេត្ដព្រៃវែង និងបេក្ខនារី ដែលទទួលបានជ័យលាភី លេខ៣ មកពីខេត្តកណ្តាល។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានពាំនាំនូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ចំនួន ១០លានរៀល ឧត្ថម្ភជូនកម្មវិធីនោះផងដែរ៕