លោកជំទាវ ម៉ែន សំអន អញ្ជើញ​បួងសួង​នៅ​ប្រាសាទ​ភិមាន​អាកាស សូម​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្រ្គាន​នៅ​ក្នុង​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ប្រកប​ដោយ​ជោគជ័យ​

ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិធី បួងសួង និងថ្វាយគ្រឿងសក្ការៈនៅប្រាសាទភិមានអាកាស នៃខេត្តសៀមរាប ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេស សូមបួងសួងដល់បារមីវត្ថុសក្តិសិទ្ធថែរក្សាអង្គរ តាមជួយឲ្យដំណើការនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាននៅក្នុងឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានសំណេះសំណាលជាមួយបងប្អូនដែលជាបុគ្គលិកប្រមូលសំរាមនៅក្នុងបរិវេណប្រសាទ និងបានបងប្អូនដែលជាកងកម្លាំងដែលប្រចាំការនៅក្នុងបរិវេណប្រាសាទផងដែរ។ លោកជំទាវបានផ្តាំផ្ញើរឲ្យជួយថែរក្សាបរិស្ថាននៅតំបន់ប្រាសាទ និងប្រមូលសំរាមឲ្យបានល្អ និងជួយរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីជួយសម្រួលដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលបានធ្វើដំណើរចូលរួមកំសាន្តក្នុងឱកាសចូលឆ្នាំថ្មីនៃប្រពៃណីជាតិខែ្មនៅក្នុងខេត្តសៀមរៀបនេះ។