លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​អនុវត្ត​ភារកិច្ច​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាពការងារ

និងការរៀបចំវេទិកាសាធារណៈប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តស្វាយរៀង ។

ឆ្លៀតក្នងឱកាសនោះ លោកជំទាវក៏បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមការងារគ្រប់ផ្នែកដែលបានយកចិត្តទុកដាក់ សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់។ លោកជំទាវក៏បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសយើងប្រកបដោយសុខសន្តិភាព ស្ថិរភាព ទាំងសេដ្ឋកិច្ច និងនយោបាយ ហើយកំពុងទទួលបានកិត្យានុភាព កាន់តែលេចត្រដែតលើឆាកអន្តរជាតិ និងមានការអភិវឌ្ឍជាលំដាប់យ៉ាងណាក៏ដោយ ក៏សូមអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមចាត់វិធានការណ៍ជាបន្ទាន់ ចំពោះក្រុមអគតិ ដែលបង្កឱ្យមានអស្ថិរភាពដល់សង្គម ញុះញង់បង្កភាពអសកម្មដល់សង្គម ដែលឈានដល់ការបង្កឱ្យមានសង្រ្គាមដល់ប្រទេសជាតិ ជាពិសេសអនុវត្ដន៍ឱ្យបាននូវអនុសាសន៍ របស់សម្ដេចតេជោ ត្រូវតែថែរក្សាឱ្យបាននូវសុខសន្ដិភាពដល់ប្រទេសកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ។

លោកជំទាវក៏បានសំណូមពរឲ្យអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី រួមទាំងសមាគម អង្គការ ម្ចាស់មូលនិធិ ដៃគូនានា សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តយកចិត្តទុកដាក់ជួយដោះស្រាយ បញ្ហាគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ ព្រមទាំងជួយជួសជុលផ្ទះប្រជាពលរដ្ឋ ផ្លូវថ្នល់ និងស្ពានដើម្បីបងប្អូនប្រជាពលរដ្ឋយើងបានប្រើប្រាស់ទាន់ពេលវេលា ត្រូវបន្តឃ្លាំតាមដានមើលសភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវត្រៀមខ្លួនសម្រាប់ការចូលរួមបោះឆ្នោតនាពេលខាងមុខ ៕