លោកជំទាវ ម៉ែន សំអន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នូវ​ភាព​យន្ត​រឿង "ហ្លួងព្រះស្តេចកន"

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធ ចាក់បញ្ចាំងខ្សែភាពយន្តរឿង «ហ្លួងព្រះស្តេចកន» ដែលជាវណ្ណកម្មថ្មីរបស់ ផលិតកម្មត្រីសូល៍ភាពយន្ដខ្មែរ ដែលបានចាក់បញ្ជាំងនៅសាលមហោស្របចតុមុខ

នារាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសនោះផងដែរលោកជំទាវក៏មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសប្រកបទៅដោយសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសិល្បៈផងដែរ ។ ថ្ងៃនេះក៏មាន
វណ្ណកម្មភាពយន្តរឿង «ហ្លួងព្រះស្តេចកន» ដែលស្នាដៃនិពន្ធកូនខ្មែ ដោយសំរិតសំរាំងដាក់បញ្ចាំងនាពេលនេះ គឺសម្រាប់បម្រើអារម្មណ៍ទស្សនិកជនផង ទុកជាឯកសារភាពយន្ដ និងទុកសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រផងដែរ។

លោកជំទាវក៏បានបន្ដទៀតថា ប្រជាជនកម្ពុជាបានទទួលនូវមរតកសម្បត្តិសិល្បៈវប្បធម៌ដ៏សម្បូរបែប ទាំងវប្បធម៌រូបិយ និងអរូបិយ ហើយការផ្សព្វផ្សាយសម្បត្តិសិល្បៈវប្បធម៌ ទាំងនេះតាមរយៈភាពយន្ត គឺជាមធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ ផ្ទេរមរតកដ៏ថ្លៃថ្លានេះទៅឱ្យកូនចៅជំនាន់ក្រោយ សម្រាប់ការសិក្សាស្វែងយល់ និងស្គាល់នូវអ្វីដែលជាការពិតនៃប្រវត្តិសាស្រ្ត។

លោកជំទាវក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគាំទ្រ លើកស្ទួយដល់វិស័យភាពយន្ត និងត្រូវចេះគោរពតាមច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីលើកទឹកចិត្តដល់ផលិតករក្នុងការផលិតរឿងថ្មីៗបន្តទៀតទុក ជូនបងប្អូនគ្នាទស្សនាបន្តទៀត៕