លោកជំទាវ ម៉ែន សំអន ជួប​​សំណេះ​​សំណាល​​ជាមួយ​​ប្រជាពលរដ្ឋ​​រស់​​នៅ​​​តំបន់​​មាន​​គ្រាប់បែក​​គីមី

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចុះជួប សំណេះសំណាលប្រជាពលរដ្ឋ ដែលត្រូវបានអាជ្ញាធរជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ខណៈដែលមន្ត្រីជំនាញកំពុងដោះយកគ្រាប់បែកគីមីមិនទាន់ផ្ទុះ ស្ថិតក្នុងបរិវេណវត្តគគីរ ស្ថិតឃុំគគីរ ស្រុកមាសហែក ខេត្តស្វាយរៀង រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ។

លោកជំទាវបានមានប្រសាសន៍ថា គ្រាប់បែករបស់អាមេរិក ដែលទម្លាក់លើទឹកដីកម្ពុជា នាអំឡុងពេលសម័យសង្គ្រាម ចន្លោះឆ្នាំ១៩៦៥-១៩៧៣ មានរាប់ម៉ឺនគ្រាប់ ហើយបានបន្សល់មកដល់បច្ចុប្បន្ននេះ ធ្វើឲ្យប្រជាពលរដ្ឋយើង រងទុក្ខវេទនា ហើយដោយសារ ការមើលឃើញការរងទុក្ខនេះហើយ បានជារាជរដ្ឋាភិបាលដឹកនាំ ដោយសម្ដេចតេជោ ហ៊ុន សែន ប្រើកញ្ចប់ថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ។

លោកជំទាវបានបន្តទៀតថា ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេស ការធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងពេលប្រតិបត្តិការ ដោះបន្សាបគ្រាប់បែកគីមី និងវេចខ្ចប់ដឹកជញ្ជូនគ្រាប់បែកនោះ ទៅទីកន្លែងសុវត្ថិភាព គឺអាជ្ញាធរត្រូវជម្លៀសប្រជាពលរដ្ឋ ចេញពីតំបន់នោះ ដើម្បីបញ្ចៀសផលប៉ះពាល់។
សូមបញ្ជាក់ថា គ្រាប់បែកដែលមានសារធាតុគីមីនេះមានទម្ងន់ប្រមាណជាង ២០០គីឡូក្រាមក្នុងមួយគ្រាប់ វាមានឥទ្ធិពលរដ្ឋខ្លាំងណាស់ ដែលអាចធ្វើធ្វើឲ្យប៉ះពាល់សុខភាព បរិស្ថានរស់នៅប្រចាំថ្ងៃ ជាពិសេស ស្ត្រីដែលមានផ្ទៃពោះ កូនក្នុងផ្ទៃ កើតមកមិនគ្រប់លក្ខណៈ ដូចជាកំបុតដៃជើងជាដើម ។ គ្រាប់បែកនេះមានចំនួន ២គ្រាប់ ត្រូវបានមន្ត្រីជំនាញ របស់ស៊ីម៉ាក់រកឃើញ នៅទីតាំងវត្តគគីរ និងសាលាបឋមសិក្សាគគីរ សិ្ថតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក កាលពីខែមករាឆ្នាំ២០១៧ បន្ទាប់រកឃើញគ្រាប់បែកគីមីនោះ មន្ត្រីជំនាញស៊ីម៉ាក់ បានចុះពិនិត្យទីតាំង ដោយធ្វើការហ៊ុព័ទ្ធទីតាំងគ្រាប់បែកទាំង២នោះ មិនឲ្យប្រជាពលរដ្ឋទៅជិត ឬប៉ះពាល់ឡើយ៕