លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំ​ណេះ​សំណាល​ជាមួយ​តំណាង​អាចារ្យ អាចារិនី​ មក​ពី​បណ្តា​ខេត្ត​ទូទាំងប្រទេស

លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល

ជាមួយតំណាងអាចារ្យ

អាចារិនីមកពីបណ្តាខេត្តទូទាំងប្រទេសចំនួន១០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៧ខែ វិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវក៏បានមានប្រសាសន៍លើកឡើងថា : ការលើកស្ទួយវប្បធម៌ តាម រយៈការបណ្តុះបណ្តាលអាចារ្យ អាចារិនី ដើម្បីពង្រឹងវប្បធម៌ប្រពៃណី ខ្មែរ ឲ្យមានគោលដៅតែមួយទូទាំងប្រទេស។ កន្លងមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែឥ្យតម្លៃខ្លាំងណាស់ក្នុងពង្រឹងសមត្ថភាពដល់អាចារ្យ អាចារិនី ដើម្បីពង្រឹងទំនៀបទំលាប់ ប្រពៃណីខ្មែរឲ្យបានគង់វង្ស និងបណ្តុះ បណ្តាលក្រមសីលធម៌អាចារ្យ អាចារិនី។
លោកជំទាវបានបន្តទៀតថា រាជរដ្ឋាភិបាលបានធានានូវការ អភិរក្សប្រពៃណី វប្បធម៌ខ្មែរ ដែលបុព្វបុរសបានបន្សស់ទុកឲ្យ ដែលមានបង្កប់នូវមេត្តា ករុណា បុតិតា ដែលបានធ្វើឲ្យកម្ពុជា មានវប្បធម៌រ៉ុងរឿងរហូតមក លើកលែងដែរសម័យប៉ុលពត ដែលមានតែការកាប់សម្លាប់យ៉ាងរង្គាលទៅវិញ។
ចំណែកឯតួនាទីអាចារ្យ អាចារិ នី ក៏មានសារៈសំខាន់ណាស់ នៅសម័យតេជោសែន ដែលបានចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងមានការរូកចំរើនគ្រប់វិស័យ ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិមានក៏មានការរីកចំរើនយ៉ាងខ្លាំង ជាពិសេសប្រជាពលរដ្ឋមានសេរីភាពប្រតិបត្តិជំនឿសាសនា ដែលខ្លួនពេញចិត្ត។
កម្ពុជា គឺជាប្រទេសមានវប្បធម៌អរិយធម៌សំបូរបែបក្នុងអាស៊ី ហើយបានបង្កប់នូវអត្ថន័យនិងការអប់រំយ៉ាងជ្រាលជ្រៅ ដូច្នេះចាំបាច់ត្រូវការអ្នកចេះដឹង គឺអាចារ្យជាអ្នកដឹកនាំពិធីសាសនានីមួយៗ ស្រប តាមក្បួនច្បាប់បូរាណ ហើយស្របគ្នាពីតំបន់មួយទៅតំបន់មួយទៀត។

ជាមួយគ្នានោះលោកជំទាវក៏បានស្នើដល់អាចារ្យ អាចារិនីទាំងអស់ត្រូវចូលរួមចំណែកថែរក្សាអត្តសញ្ញាណខ្មែរឲ្យបានគង់វង្ស នូវសាសនា ប្រពៃណី ទំនៀមទំលាប់ និងការ អភិវឌ្ឍន៍គ្រប់វិស័យតាមរយៈការបណ្តុះ បណ្តាលសមត្ថភាពអាចារ្យ អាចារិនី ទៅទូទាំងប្រទេសដែលអនុវត្តការងារដោយ ក្រសួងធម្មការនិងសាសនារួមចំណែកអប់រំសីលធម៌ដល់យុវជន កុមារ និងប្រជាជនទាំងអស់មានសីលធម៌ សុជីវធម៌ល្អ ប្រឆាំងការរើសអើងផ្នែកសាសនា។

លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជា អាចារ្យ អាចារិនីទាំងអស់អញ្ជើញចូលរួមបុណ្យចម្រើនសេចក្តីសុខ ជូនព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប ថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ២០១៧ នាពេលខាងមុខនេះ ឲ្យបានច្រើនកុះករ ដើម្បីអានុមោទនាកុសលរៀងៗខ្លួួនកុំបីខាន។