លោកជំទាវ ម៉ែន សំអន បានផ្សព្វផ្សាយនូវអនុសាសន៍ ៥ចំណុច របស់រាជរដ្ឋាភិបាល ជូនដល់ កម្មករ កម្មការិនីចំនួន ១.០១៧នាក់ នៅខេត្តផាថុមថានី ប្រទេសថៃ

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១.០១៧ នាក់ ដែលកំពុងធ្វើការនៅរោងចក្រផលិតសាច់មាន់ Centaco group នៅខេត្តផាថុមថានី

ប្រទេសថៃ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានផ្តល់កម្លាំងចិត្តឲ្យកម្មករពលករខ្មែរទាំងអស់ប្រឹងប្រែងធ្វើការងារ កាន់តែសកម្មថែមទៀតដើម្បីទទួលបានប្រាក់ខែខ្ពស់និងទទួលការពេញចិត្តពីថៅកែរោងចក្រ។
ការមកជួបសំណេះសំណាលនេះ ពិតជាគូសបញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលតែងតែ មានមនោសញ្ចេតនាជិតស្និទ្ធជាមួយប្រជាជន និងជាមួយពលករ ។ ជាក់ស្តែង ដូចជាពេលនេះ ទោះជាបងប្អូនមកធ្វើការនៅប្រទេសថៃ ឆ្ងាយពីស្រុកកំណើតក្តី ក៏សម្តេចនៅតែគិតគូរ និងបានចាត់តាំងខ្ញុំ និងឯកឧត្តមមួយចំនួនទៀត ដូចជា ឯកឧត្តមអ៊ិត សំហេង ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ព្រុំ សុខា ជាតំណាងមកជួបសំណេះសំណាលជាមួយប្អូនៗ ដើម្បីសាកសួរសុខទុក្ខ និងចែករំលែកព័ត៌មាន និងជួយដោះស្រាយបញ្ហាផ្សេងៗដែលប្អូនៗជួបប្រទះ។

បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្ដល់លិខិតឆ្លងដែនជូនពលកយើង ដោយមិនគិតថ្លៃ និងបានរៀបចំ គណៈកម្មាការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីដោះស្រាយការលំបាកនានា ជាពិសេសជួយសម្រួលឱ្យប្អូនៗពលករយើងរស់នៅ និងធ្វើការដោយស្របច្បាប់ និងដោយមានកិត្តិយស រួចផុតពីការរំលោភ ជិះជាន់ កេងប្រវ័ញ្ច និងហានិភ័យផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកជំទាវក៏បានពាំនាំនូវអនុសាសន៍ ៥ចំណុច របស់សម្តេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនពលករដែល កំពុងធ្វើការនៅក្រៅប្រទេសនេះផងដែរ ៖

ទី១. រាជរដ្ឋាភិបាលបានអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់ សិទ្ធិពលករ ទេសន្តប្រវេសន៍ បាននឹងកំពុងខិតខំជួយពលករ ដែលធ្វើការនៅបរទេស ដើម្បីធានា បាននូវផលប្រយោជន៍ស្របច្បាប់ ជួយផ្តល់ភាពស្របច្បាប់ដល់ពលករដែលមិនទាន់ស្របច្បាប់។

ទី២. រាជរដ្ឋាភិបាលសហការជាមួយប្រទេសជាដៃគូរទទួលស្គាល់ជំនាញទៅវិញទៅមក ដូចជា កម្ពុជា ថៃ បានទទួលស្គាល់ជំនាញផ្នែកសំណង់ ជាងកំបោរ និងបណ្តាញអគ្គីសនី។

ទី៣. រាជរដ្ឋាភិបាលកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យរបបសន្តិសុខសង្គម ។ ពលករស្របច្បាប់នៅគ្រប់ប្រទេសនៅពេលមានគ្រោះថ្នាក់ដល់ ជីវិត ទទួលបានសំណងតាមច្បាប់។ ពលករទាំងអស់អាចផ្ទេរប្រាក់ធានារ៉ាប់រងសង្គម គ្រោះថ្នាក់ការងារ និងប្រាក់ធានារ៉ាប់រងសុខភាពមកក្រុមគ្រួសារពលករនៅស្រុកកំណើត។

ទី៤. រាជរដ្ឋាភិបាលកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធន៍និវត្ត ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់វិភាគទាន បេឡាសន្តិសុខសង្គមពីប្រទេសមួយ បន្ទាប់ពីបានបញ្ចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានគិតប្រាក់សោធននិវត្តន៍ ហើយផលប្រយោជន៍ទាំងនោះពលករនឹងទទួលបាននៅឆ្នាំ២០១៩។

ទី៥. រាជរដ្ឋាភិបាលកំពុងសម្រួលបែបបទជូនពលករនៅបរទេស អាចផ្ទេរសិទ្ធិជូនគ្រួសារ នៅក្នុងប្រទេសធ្វើជាតំណាង ដើម្បីស្នើសុំលិខិតថ្កោលទោស លិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន ដោយពុំចាំបាច់ឲ្យសាមីខ្លួនវិលត្រលប់មកស្រុកកំណើតវិញ។ ដោយឡែកសម្រាប់ពលករធ្វើការនៅប្រទសថៃត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឯកសារថតចម្លងត្រឹមត្រូវតាម ច្បាប់ដើម ដើម្បីបំពេញបែបបទស្របច្បាប់។

ជាទីបញ្ចប់លោកជំទាវបានផ្តាំផ្ញើរដូចតទៅ:
សូមប្អូនៗដែលជាលករខ្មែរ រស់នៅ ធ្វើការងារ ត្រូវគោរពច្បាប់ប្រទេសថៃ។ ដាច់ខាតមិនត្រូវប្រព្រឹត្តិបទល្មើស ដូចជាអំពើហឹង្សា គ្រឿងញៀនជា ។ ល។ ហើយកុំជឿតាមការញ៉ោះញ៉ង់របស់គណបក្សប្រឆាំងដែលមានបំណង បំផ្លាញសន្តិភាព និងរារាំងដល់ការអវឌ្ឍនប្រទេស។ ចំណែកឯថៅកែក្រុមហ៊ុន សូមបន្តទទួលពលករខ្មែរបន្ថែមទៀត និងសូមអាណិតស្រឡាញ់ពលករខ្មែរដូចពលករថៃ និងស្ថានទូត ស្ថានអគ្គកុងស៊ុលកម្ពុជា សូមបន្តការយកចិត្តទុកដាក់តាមដាន និងជួយដោះស្រាយរាល់បញ្ហានានារបស់ពលករខ្មែរ ស្របតាមច្បាប់អន្តរជាតិ ច្បាប់ប្រទេសថៃ និងស្មារតីនៃ MOU ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា៕