លោកជំទាវ ម៉ែន សំអន ជួបសំណេះសំណាលជាមួយ ពលករកម្ពុជាដែលបានធ្វើលិខិតឆ្លងដែនស្របច្បាប់ប្រមាណជិត ១.០០០នាក់ នៅប្រទេសថៃ

រសៀលថ្ងៃព្រហស្បត៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយពលករនៅរោងចក្រ Thai Union Manufaturing Co., Ltd

រួចមក លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ក៏បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាលជាមួយពលករកម្ពុជាដែលបានធ្វើលិខិតឆ្លងដែនស្របច្បាប់ នៅការិយាល័យបញ្ជាក់អត្តសញ្ញាណ ដែលរៀបចំឡើងដោយគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានៅប្រទេសថៃដែលមានទីតាំងស្ថិតនៅ Imperial World Ladphrao ផ្លូវឡាតប្រាវ, សង្កាត់ ចៅឃុនស៊ីង, ខណ្ឌ ថុងឡាង, ទីក្រុងបាងកក ប្រទេសថៃ ។

នៅក្នុងឱកាសនោះ លោកជំទាវឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលករ ពលការិនីទាំងអស់ដែលបានមកទទួលស្វាគមន៍គណៈប្រតិភូយ៉ាងរាក់ទាក់ និងកក់ក្តៅ ហើយជាមួយគ្នានេះ លោកជំទាវឧបនាយក រដ្ឋមន្ត្រី ក៏បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែនឹករលឹក និងគិតគូរជាកិច្ចដល់បងប្អូនពលករទាំងនៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស ក្នុងនោះការធ្វើលិខិតឆ្លងដែន នៅក្នុហប្រទេសថៃនេះ គឺជាការរៀបចំឲ្យបងប្អូន ពលករកម្ពុជាមានលក្ខណៈផ្លូវច្បាប់ត្រឹមត្រូវក្នុងនាមជាពលករដែលបានមកធ្វើការនៅក្រៅប្រទេស ដើម្បីជៀសវាងនូវការចាញ់ បោកពីមេខ្យល់ ការកេងប្រវ័ញ្ជកម្លាំងពលកម្ម និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតពីរោងចក្រ ឬសហគ្រាសផ្សេងៗទៀតដូចពលករថៃផងដែរ៕