លោកជំទាវ ម៉ែន សំអន ជួបសំណេះសំណាលជាមួយពលករ ពលការិនីចំនួន ជិត ៧០០នាក់ នៅខេត្តសាមុទ្រសាខន ប្រទេសថៃ

ព្រឹកថ្ងៃព្រហ្បតិ៍ត ទី៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចបានជួបសំណេះសំណាលជាមួយពលករ ពលការនី ចំនួន ជិត ៧០០នាក់ ដែលកំពុងធ្វើការនៅ រោងចក្រផលិតត្រីខកំប៉ុង និងគ្រឿងកំប៉ុង របស់រោងចក្រ Thai Union Manufacturing Co.,Ltd នៅខេត្តសាមុទ្រសាខន ប្រទេសថៃ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តល់កម្លាំង ចិត្តឲ្យកម្មករពលករខ្មែរទាំងអស់ប្រឹងប្រែងធ្វើការងារ កាន់តែសកម្មថែមទៀត ដើម្បីទទួលបាន ប្រាក់ខែខ្ពស់និងទទួលការពេញចិត្តពីថៅកែរោងចក្រ។
ការមកជួបសំណេះសំណាលនេះ ពិតជាគូសបញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលតែងតែ មានមនោសញ្ចេតនាជិតស្និទ្ធជាមួយប្រជាជន និងជាមួយពលករ ។ ជាក់ស្តែង ដូចជាពេលនេះ ទោះជាបងប្អូនមកធ្វើការនៅប្រទេសថៃ ឆ្ងាយពីស្រុកកំណើតក្តី ក៏សម្តេចនៅតែគិតគូរ និងបានចាត់តាំងខ្ញុំ និងឯកឧត្តមមួយចំនួនទៀត ដូចជា ឯកឧត្តមអ៊ិត សំហេង ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ព្រុំ សុខា ជាតំណាងមកជួបសំណេះសំណាលជាមួយប្អូនៗ ដើម្បីសាកសួរសុខទុក្ខ និងចែករំលែកព័ត៌មាន និងជួយដោះស្រាយបញ្ហាផ្សេងៗដែលប្អូនៗជួបប្រទះ។
បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្ដល់លិខិតឆ្លងដែនជូនពលក និងបានរៀបចំ គណៈកម្មាការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីដោះស្រាយការលំបាកនានា ជាពិសេសជួយសម្រួលឱ្យប្អូនៗពលករយើងរស់នៅ និងធ្វើការដោយស្របច្បាប់ និងដោយមានកិត្តិយស រួចផុតពីការរំលោភ ជិះជាន់ កេងប្រវ័ញ្ច និងហានិភ័យផ្សេងៗ។

ជាទីបញ្ចប់លោកជំទាវបានផ្តាំផ្ញើរដល់ប្អូនៗដែលជាលករខ្មែរ រស់នៅ ធ្វើការងារ ត្រូវគោរពច្បាប់ប្រទេសថៃ។ ដាច់ខាតមិនត្រូវ ប្រព្រឹត្តបទល្មើស ដូចជាអំពើហឹង្សា គ្រឿងញៀនជាដើម។ ល។ ហើយកុំជឿតាមការញ៉ោះញ៉ង់របស់គណបក្សប្រឆាំង ដែលមានបំណង បំផ្លាញសន្តិភាព និងរារាំងដល់ការអវឌ្ឍនប្រទេស។ ចំណែកឯថៅកែក្រុមហ៊ុន សូមបន្តទទួលពលករខ្មែរបន្ថែមទៀត និងសូមអាណិតស្រឡាញ់ពលករខ្មែរដូចពលករថៃ និងស្ថានទូត ស្ថានអគ្គកុងស៊ុលកម្ពុជា សូមបន្តការយកចិត្តទុកដាក់តាមដាន និងជួយដោះស្រាយរាល់បញ្ហានានារបស់ពលករខ្មែរ ស្របតាមច្បាប់អន្តរជាតិ ច្បាប់ប្រទេសថៃ និងស្មារតីនៃ MOU ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា៕