លោកជំទាវ​ ម៉ែន សំអន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រាសាទ​នាគរាជ​តេជោ​មរកត​សម្រាប់​តម្កល់​ព្រះបិតានាគ

ព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី

តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃប្រាសាទនាគរាជតេជោមរកតសម្រាប់តម្កល់ព្រះបិតានាគ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីផងដែរ។ លោកជំទាវក៏បានថ្លែងអំណរគុណ និងការសរសើរចំពោះលោកជំទាវ ហ៊ុន សេងនី (អ្នកផ្តួចផ្តើមគំនិតក្នុងការកសាង) ឯកឧត្តម លោកជំទាវ ឧកញ៉ា រួមជាមួយសប្បុរសជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក លោកស្រី សមាជិក សមាជិកា នៃខេត្តសៀមរាប និងពុទ្ធបរិស័ទជិតឆ្ងាយដែលបានបរិច្ចាគថវិកា ដើម្បីរួមគ្នាកសាងទើបលេចចេញសមិទ្ធិផលនាពេលនេះ ដើម្បីទុក្ខជាទីគោរពសក្ការៈបូជានៃព្រះពុទ្ធសាសនា ។
លោកជំទាវបានបន្តទៀតថា ៖ បច្ចុប្បន្នកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនផងដែរ ដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ខណៈ ប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សុខសន្តិភាពទាំងនេះជាតម្លៃដែលបានផ្តល់ឲ្យយើងមានឱកាសបញ្ជូនកូនចៅ ទៅរៀនសូត្រ ចាប់ពីមតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធា ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏មានការរីចម្រើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវ ជាតិគ្រប់តំបន់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ។