លោកជំទាវ ម៉ែន សំអន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ

នារសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ អនុវត្តបន្តឆ្នាំ២០១៨ នៅសាលសន្និសិទ្ធចតុមុខ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបាន មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ និងមានការគិតគូរយ៉ាងច្បាស់លាស់ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិប្រកបដោយចីរភាព ដោយឈរលើគោលការណ៍«អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្របសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងផ្ទេរមរតកដ៏មានតម្លៃនេះដល់យុវជនជំនាន់ក្រោយៗទៀត។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នៅក្នុងវិស័យបេតិកភណ្ឌវប្បធម៌ បានស្តែងចេញតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ និងការដាក់ចេញនូវគោលនយោបាយផ្សេងៗ ដោយទទួលបាន សមិទ្ធផលយ៉ាងច្រើនជាបន្តបន្ទាប់នាពេលកន្លងមក និងបានប្រែក្លាយកម្ពុជាដែលគេធ្លាប់ស្គាល់ថាជាវាលពិឃាតមកជា ព្រះរាជាណាចក្រ នៃវប្បធម៌ ជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោក និងធ្លាប់ទទួលបានជោគជ័យ ជាច្រើនលើករួចមកហើយក្នុងការស្នើសុំដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបីទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូមានដូចជា ៖ រមណីយដ្ឋានអង្គរ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ល្ខោនស្រមោលស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងថ្មីៗនេះតំបន់ប្រាសាទសំបូរព្រៃគុក ។

លោកជំទាវក៏បានថ្លែងដោយអំពាវនាវដល់ប្រជាពលរដ្ឋ និងវិស័យឯកជនថា កុំឲ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍ ទើបធ្វើឲ្យវិស័យទេសចរណ៍មាននិរន្តរភាព «ធានាយ៉ាងណា កុំឲ្យវិស័យទេសចរណ៍បំពាន ទៅលើវប្បធម៌ ចំណុចនេះដែលយើងតែងតែរំលឹកដាស់តឿនថា បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទអង្គរ ប្រាសាទ ព្រះវិហារ និងសំបូរព្រៃគុក មិនត្រូវបានបំពាន ណាមួយនោះទេ»។ ជាពិសេស តាមរយៈទេសចរណ៍បេតិកភណ្ឌនិងវប្បធម៌ដែលជាវិស័យកំពុងមានសន្ទុះយ៉ាងខ្លាំងក្លាដោយបាននាំមកនូវចំណូលរាប់ពាន់លានដុល្លារទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។