លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ២០១៨ ក្រោម​ប្រធាន​បទ​ «ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍»​

ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.២.៥៦១ ត្រូវនឹង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវា

អន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្រ្តីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ” នៅទីស្តីការក្រសួង ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានលើកឡើងថា ការប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍» នេះឡើងក្នុងគោលបំណង រំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធ៌មអហិង្សា ដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន ទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធីផងដែរ។

លោកជំទាវក៏បានអំពាវនាវឲ្យមន្ត្រីរាជការយើងទាំងអស់គ្នាត្រូវបង្កើនចំណេះដឹង បន្ថែមទៀតដែលទាក់ទងនឹងតួនាទីភារកិច្ចរបស់ខ្លួន និងខិតខំក្នុងការបម្រើការងារឲ្យបានល្អជូនស្ថាប័ន ជាពិសេស ក្នុងតួនាទីជាម្តាយ និងឧត្តមភរិយា ស្ត្រី្តត្រូវអប់រំកូនឲ្យខិតខំរៀនសូត្រ ឲ្យនៅឆ្ងាយពីគ្រឿងញៀន និយាយស្តីត្រូវប្រកបដោយការគោរព និងសីលធម៌ មិនហិង្សា ជៀសវាងពាក្យអសុរស ដើម្បីឲ្យពួកគេក្លាយជាកុលបុត្រ កុលធីតាល្អប្រសើររបស់សង្គមជាតិ ចេះគោរពច្បាប់ ច្បាប់ចរាចរណ៍ ចេះអត់ឱន អធ្យាស្រ័យក្នុងកម្រិតខ្ពស់បំផុត៕