លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ មីនា ឆ្នាំ២០១៨ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធខួបលើកទី១០៧ នៃទិវាអន្តរជាតិនារី ៨ មីនា

ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រី្តរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍ ជាតិ» នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងនូវការកោតសរសើរ ដោយស្មោះ ចំពោះថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីនេះឡើង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់តម្លៃស្រ្តី និងសមភាពយេនឌ័រ។ លោកជំទាវបានបន្តទៀតថា ការរៀបចំពិធីនេះអាចប្រព្រឹត្តទៅបានដោយសារតែប្រទេសជាតិយើងកំពុងមានសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ដែលជាគ្រិះដ៏រឹងមាំ នៃការអភិវឌ្ឍន៍ប្រទេសជាតិ និងស្របពេលដែលតម្លៃ និងកិត្តិយសរបស់ស្ត្រីត្រូវបានលើកដម្កើង ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាពិសេស ការលើកកម្ពស់សិទ្ធ ស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើស្ត្រី។

លោកជំទាវក៏បានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមលុបបំបាត់ នូវអំពើហឹង្សាក្នុងគ្រួសារ, ត្រូវចូលរួមថែក្សានូវតម្លៃនៃសន្តិភាព និងការអភិវឌ្ឍន៍ និងចូលរួមប្រែក្លាយពីអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន មកជាការអនុវត្តជាក់ស្តែងដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួននីមួយៗ៕