លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ជុះ​ខណ្ឌ​សីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធិផល​នានា​ក្នុង​វត្តធម្មគិរី

ព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ

ហ៊ុន សែន នាយករដ្ឋមន្រ្តីនែព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ជុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិផលនានាក្នុងវត្តធម្មគិរី ស្ថិតនៅភូមិបេង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

លោកជំទាវបានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និង ការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសមានសុខុដុមនីយកម្មផ្នែកសាសនាទើបមានលេចចេញជា ព្រះវិហារដ៏ស្រស់ស្អាតក្រោមគំនិតផ្តួចផ្តើមរបស់ លោកឧកញ៉ា នួន សុន និងលោកជំទាវ លី តិចមុយ ព្រមទាំងក្រុមគ្រួសាររួមជាមួយ ឯកឧត្តម និងលោកជំទាវ គឺជាពុទ្ធសាសនុបត្ថម្ភដ៏ថ្លៃថ្លាបានចំណាយ ថវិកាផ្ទាល់ខ្លួន និងបានកៀគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនារបស់ ឯកឧត្តម លោកជំទាវ ឧកញ្ញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងក្នុង និងក្រៅប្រទេស ក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តធម្មគិរីពេលនេះ។

ក្នុងឱកាសនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំងប្រទេស សូមអោយជួបសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និង ជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។