លោកជំទាវ ម៉ែន សំអន អញ្ជើញ​​ជា​អធិបតី​ក្នុង ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្ត សប្បុុរសជន​ប៉ាយ​សួយ​ឡាវ​យិន​តៃវ៉ាន់

ព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុង

ពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សុប្បុរសជនប៉ាយសួយឡាវយិនតៃវ៉ាន់ ដែលពិនិត្យ និងព្យាបាលជម្ងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលពិធីនេះបានរៀបចំ នៅសាលា បឋមសិក្សា ម៉ឹង សំផន ឃុំកកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ដស្វាយរៀង ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សុប្បុរសជនច៉ាយសួយឡាវយិនតៃវ៉ាន់ដែលបានសហការជាមួយអង្គការពន្លឺអភិវឌ្ឍន៍ ដើម្បីជនក្រីក្រ ដែលជាអ្នកផ្តួចផ្តើមដែលបានធ្វើសកម្មភាពមនុស្សធម៌ ក្រោមកិច្ចសហការ សម្របសម្រួលពីអាជ្ញាធរ ខេត្តស្វាយរៀង ក្នុងការចុះមកពិនិត្យ និងព្យាបាលជម្ងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនាពេលនេះ។

លោកជំទាវបានបន្តទៀតថា ៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមាន សុខុដុមនីយកម្មគ្រប់បែបយ៉ាង មានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋគ្រប់ៗរូបអាចប្រកបរបរទទួលទានរៀងៗខ្លួនតាមត្រូវការ។ សកម្មភាពមនុស្សធម៌នាថ្ងៃនេះពិតជាបានចូលរួមសម្រាលនូវបន្ទុកចំណាយរបស់ប្រជាពលរដ្ឋបានមួយចំនួនផងដែរ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕