លោកជំទាវ ម៉ែន សំអន ធ្វើ​ពិធី​បួង​សួង​ដើម្បី​ចម្រើន​សេចក្តីសុខ សេចក្តីចម្រើន ជូន​ដល់​ព្រះជាណាចក្រ​កម្ពុជា នៅ​ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ

ព្រឹកថ្ងៃអង្គារ៍ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ

បួងសួងដើម្បីចម្រើនសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ព្រះជាណាចក្រកម្ពុជា នៅប្រាសាទព្រះខ័នកំពង់ស្វាយ ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

លោកជំទាវបានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និង ការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសមានសុខុដុមនីយកម្មផ្នែកសាសនា ដែលអាចឲ្យយើងទាំងអស់គ្នាមានឱកាសប្រារព្ធពិធីព្រះពុទ្ធសាសនានាពេលនេះ។

ក្នុងឱកាសនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំងប្រទេស សូមអោយជួបសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និង ជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។