លោកជំទាវ ម៉ែន សំអន បានអញ្ជើញសម្ភោធសមិទ្ធិផល នៃមជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃយល្ខណ៍

រសៀល ថ្ងៃពុធ ០៥ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៨ លោកជំទាវ ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសម្ភោធសមិទ្ធិផល

នៃមជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃយល្ខណ៍ ស្ថិតនៅភូមិកាល់មេឃ ឃុំត្បួងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកជំទាវបានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និង ការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេសមានសុខុដុមនីយកម្មផ្នែកសាសនា ដែលអាចឲ្យយើងទាំងអស់គ្នាមានឱកាសប្រារព្ធពិធីព្រះពុទ្ធសាសនានាពេលនេះ។

លោកជំទាវបានអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ជាពិសេសបងប្អូនកម្មករ កម្មការិនីទាំងអស់គ្នាត្រូវ រួមសុខ រួមទុក្ខតាមបទដ្ឋាន និងលក្ខខណ្ឌការងារ មិនត្រូវចាញ់ឧបាយកលរបស់គណៈបក្សប្រឆាំង សូមឲ្យការប្រកបការដាំដុះទទួលបានទិន្នផលច្រើន និងត្រូវចេះថែរក្សាសម្បត្តិដែលបានដាក់សម្ភោធថ្ងៃនេះឲ្យបានគង់វង់ ត្រូវជៀសឲ្យផុតពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមអនុវត្តឲ្យបាននូវភូមិឃុំ សុវត្ថិភាព។

ក្នុងឱកាសនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំងប្រទេស សូមអោយជួបសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និង ជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។