លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​ឈរជើង​នៅ​ភូមិសាស្រ្ដ ខេត្ដកោះកុង

ព្រឹកថ្ងៃសៅរ៍ ៨កើត ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជួប សំណេះសំណាលជាមួយកងកម្លាំង ប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរៈសេនា តូចលេខ ៨២៧

និងវរៈសេនាតូចលេខ ២៦៩ ឈរជើងនៅភូមិសាស្រ្ដ ខេត្ដកោះកុង ។

ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំសេចក្ដីផ្ដាំផ្ញើរសួរសុខទុក្ខ និងក្ដីនឹក រលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះមេបញ្ជាការ មេបញ្ជាការង នាយនគរបាល នាយនគរបាលរង និងពលនគរបាលទាំងអស់នាពេលនេះ។

លោកជំទាវបានបន្តទៀតថា ការចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ នាពេលនេះ គឺជាភស្តុតាងបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែស្រឡាញ់ កងទ័ព កងនគរបាលយើង និងបញ្ជាក់ពីចលនាស្នេហាជាតិ និងការពារជាតិ របស់ប្រជាជនយើងទាំងមូលបានដែលកំពុងក្លាយជាចលនាជាតិមួយ យ៉ាងខ្លាំងក្លា។ ប្រជាជនយើងទូទាំងប្រទេស គ្រប់និន្នាការនយោបាយ បានឯកភាព និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការការពារបូរណភាពដែនដីប្រឆាំងនឹងការឈ្លានពានពីបរទេស។
លោកជំទាវក៏បានផ្តល់អានុសាសន៍ដូចតទៅ៖

១. សូមពង្រឹងស្មារតីជឿរជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការពារសមិទ្ធផលនានា ដែលចេញពីការបោះឆ្នោតសកល ជាពិសេស ត្រូវការពាររដ្ឋធម្មនុញ្ញ មិនឲ្យពួកអមិត្ត និងប្រឆាំងមានឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាម មធ្យោបាយណាមួយបានជាដាច់ខាត។

២. ត្រូវបន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិមាតុភូមិ ហ៊ានធ្វើពលីកម្ម និងលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហហេតុជាតិ មាតុភូមិ និងប្រជាជន និងចេះរួមសាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នាជាធ្លុងមួយ។

៣. ត្រូវការពារបូរណភាពទឹកដីឲ្យបានដាច់ខាត មិនឲ្យខ្មាំងសត្រូវ ឈ្លានពានទឹកដីបានសូម្បីតែមួយចំអាម តែមិនត្រូវឈ្លានពានប្រទេស ជិតខាងឡើយ និងត្រូវបង្កើនស្មារតីសាមគ្គីភាពក្នុងនាមជាប្រទេស ជិតខាងល្អ។

៤. សូមខិតខំបង្កើនសមត្ថភាពការងារជំនាញ តាមរយៈហ្វឹកហាត់ ជាប្រចាំ និងប្រកាន់ខ្ជាប់នូវវិន័យរបស់កងទ័ព រក្សាសីលធម៌ ស្អាតស្អំ និងកិត្តិយសថ្លៃថ្នូ សក្តិសមជាកងទ័ពជាតិបំរើប្រជាជន។

៥. សូមយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយប្រជាជន ក្នុងករណីមានគ្រោះមហន្តរាយ។

៦. ត្រូវថែរក្សាសុខភាពឲ្យបានល្អ ព្រោះសុខភាព គឺជាប្រភពថាមពល ដ៏ស័ក្ដិសិទ្ធ។

៧. ត្រូវត្រៀមខ្លួនប្រយុទ្ធជានិច្ច ដោយត្រៀមគ្រប់យុទ្ធោបករណ៍សឹក និងហ្វឹកហាត់កាយសម្បទាឲ្យមានសុខភាពរឹងមាំ ដើម្បីគាំទ្រដល់ការប្រយុទ្ធឲ្យបានស័ក្ដិសិទ្ធ និងដើម្បីការពារបូរណភាពដែនដី។

៨. ត្រូវចេះចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំដើម្បីលើកកំពស់ ជីវភាពរស់នៅ ឲ្យកាន់តែល្អប្រសើរ និងចេះថែទាំសម្អាតអនាម័យក្នុងទីធ្លា និងការិយាល័យ នៃមូលដ្ឋានអង្គភាព។

៩. សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ « គឺសមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក » ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលមាន សមត្ថភាពការពារសុខសន្តិភាព ការពារអធិបតេយ្យភាពជាតិ និង បន្តរក្សាបាននូវការអភិវឌ្ឍន៍គ្រប់បែបយ៉ាង។