លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី វគ្គ​ផ្តាច់​ព្រាត់ Cambodian idol រដូវកាលទី៣

រាត្រីថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Cambodia Idol រដូវកាលទី៣ វគ្គផ្តាច់ព្រាត់របស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៊ីអន រាជធានីភ្នំពេញ។

ក្នុងវគ្គផ្តាច់ព្រាត់នេះ មានបេក្ខជន បេក្ខនារី សរុបចំនួន ៤រូប ទី១ លោក សៀក ញញឹម ទី២ កញ្ញា ចែម ស្រីល័ក្ខ ទី៣ កញ្ញា ឈាង សុវណ្ណាវី និង ទី៤ លោក គ្រី ថៃពៅ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភី ហើយតាមរយៈការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ គឺបេក្ខជន និងបេក្ខនារីបានបង្ហាញឲ្យទស្សនិកជនឃើញនូវសមត្ថភាពពិតៗ ទេពកោសល្យពិតៗ និងការបញ្ចេញអស់ពីសមត្ថភាព ។
ជាទីបញ្ជប់ក្នុងការប្រកួតនេះ បេក្ខជន គ្រី ថៃពៅ បានទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធី “ Cambodian Idol” រដូវកាលទី៣ នេះ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១៥០លានរៀល ។ ចំណែកឯបេក្ខជន និងបេក្ខនារីដែល មិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ១.០០០ដុល្លារ ។