លោកជំទាវ ម៉ែន សំអន អញ្ជើញ​អម​ដំណើរ​ជា​កិត្តិយស ព្រះករុណា​ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ក្នុង​ព្រះរាជពិធីច្រត់​​ព្រះនង្គ័ល

នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអម

ដំណើរជាកិត្តិយស ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលបានរៀបចំធ្វើឡើងនៅក្នុងខេត្តស្វាយរៀង។

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការតាមក្រសួងស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះធ្វើឡើងនៅទីព្រះស្រែ ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលមានឯកឧម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើជាស្តេចមាឃ និងលោកជំទាវ ឈុន ណារី ធ្វើមេហួ។

ជាចុងក្រោយគោឧសភរាជបានបរិភោគស្រូវ ច្រើនជាងគេ បន្ទាប់មកពោត និងសណ្ដែក ក្នុងចំណោមអាហារទាំងប្រាំពីរមុខរួមមាន ស្រូវ,ពោត, ល្ង, សណ្តែក, ទឹក , ស្រា និងស្មៅ ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លធ្វើឡើង ក្នុងគោលបំណង ផ្សងមើលប្រផ្នូលរបស់ស្រុកទេសទៅតាម ការបរិភោគរបស់ «គោឧសភរាជ» ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរដែលពឹងផ្អែក លើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕