លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ នៃ​កិច្ចប្រជុំ​អ្នក​ដឹកនាំ​ធុរកិច្ច ចិន-កម្ពុជា​ ស្តីពី “គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវ៉ាត់​​មួយ ផ្លូវ​មួយ”

រសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងសន្និសីទ នៃកិច្ចប្រជុំអ្នកដឹកនាំធុរកិច្ច ចិន-កម្ពុជា ស្តីពី “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” នៅសណ្ឋាគារសុហ្វីតែល (Sofitel Hotel) រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវសង្គហបណ្ឌិត បានស្វាគមន៍ ចំពោះវត្តមានរបស់ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ដែលចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់ក្នុងពេលនេះ។ វេទិកានេះប្រារព្វឡើងចំពេលដែល“គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ” ដែលផ្តួចផ្តើមឡើង ដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិងពីន ដើម្បីជម្រុញ និងបង្កើតផ្លូវពាណិជ្ជកម្មថ្មី ការតភ្ជាប់ និងឱកាសធុរកិច្ចជាមួយប្រទេសចិនដែលឆ្លងកាត់ប្រទេសជាង៦០ ក្នុងទ្វីបអាស៊ី អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិក ។

សន្នីសិទ្ធនៃកិច្ចប្រជុំ ថ្ងៃនេះពិតជាបានដើរតួនាទីដ៏សំខាន់ ក្នុងការតភ្ជាប់ប្រទេសចិនជាមួយប្រទេសជាច្រើនក្នុងតំបន់ និងអន្តរទ្វីប និងការជម្រុញការអភិវឌ្ឍន៍ និងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ ជាពិសេស ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ដឹកជញ្ជូន ទេសចរណ៍ និងវិនិយោគ។ លើសពីនេះទៀត គំរោងនេះនឹងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំងរវាងស្ថាប័ន រវាងប្រជាជន និងប្រជាជន ក្នុងតំបន់ និងពិភពលោក ហើយកម្ពុជា និងចិន ធ្លាប់មានប្រវត្តិរាប់ទំនាក់ទំនងរាប់អានគ្នា អស់កាលដ៏យូយារមកហើយ។ បច្ចុប្បន្ន រដ្ឋាភិបាល នៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ និងបានផ្លាស់ប្តូទស្សនកិច្ចកំពូល ជាប្រចាំ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍”ចិនតែមួយ” ចំណែកចិនក៏តែងតែគាំទ្រ និងគោរពនូវឯករាជ្យភាពរបស់កម្ពុជា។ បច្ចុប្បន្ន ចិនជាប្រទេសផ្តល់ជំនួយឥតចំណងធំជាងគេរបស់កម្ពុជា និងជាប្រភពទេសចរ និងវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជាផងដែរ។
បច្ចុប្បន្ន គម្រោង “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ” បានអនុវត្តនិងជះឥទ្ធិពល ជាវិជ្ជមាននៅកម្ពុជា ជាបណ្តើរៗ ប្រកបដោយកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ កម្ពុជារំពឹងថា នឹងទទួលបានផលប្រយោជន៍កាន់តែច្រើនថែមទៀត ក្នុងពេលអនាគត តាមរយៈការតភ្ជាប់កាន់តែច្រើនជាមួយចិន និងប្រទេសនានាក្នុងតំបន់ ក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវដែក ផ្លូវគោក ផ្លូវទឹក និងអាកាស កំពង់ផែរ ឋាមពល និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្សេងទៀតនៅកម្ពុជា។
តាមរយៈវេទិកានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត សង្ឈឹមថាអ្នកវិនិយោគ ចិន និងហុងកុង នឹងទទួលបានព័ត៌មាននៅក្នុងថ្ងៃនេះ ស្តីពីសក្តានុពល និងអាចរកដៃគូរក្នុងស្រុក ដើម្បីវិនិយោគ ក្នុងវិស័យជាច្រើន ដែលទាក់ទងនឹងក្របខណ្ឌ “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ” ដែលអាចហុចឱកាសដ៏ល្អ សម្រាប់អនាគត។

មុននឹងបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន ហុងកុង ស្តារធីវី ដែលបានរៀបចំ និងឧបត្ថម្ភវេទិកាថ្ងៃនេះ។ ខ្ញុំសូមកោតសរសើរ អបអរសាទរ និងស្វាគមន៍ដោយស្មោះ ចំពោះការរៀបចំសន្និសីទដ៏មានអត្ថន័យនៅពេលនេះ។ វេទិកាថ្ងៃនេះពិតជារួមចំណែកជម្រុញពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា ជាពិសេសក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ (ITC)។