លោកជំទាវ ម៉ែន សំអន អញ្ជើញនាំយកនូវ ទៀន ធូប ភ្ញីផ្កា និងដង្វាយព្រះ (មធុបាយាស) ទៅថ្វាយដល់ព្រះសិរីរិគធាតុ ដែលតំកល់នៅព្រះសត្យមុនី្នចេតីយ៍

ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ គឺជាថ្ងៃដែលប្រជាពលរដ្ឋទូទាំង ព្រះរាជាណាចក្រកម្ពុជាបានចូលរួមប្រារព្ធពិធី បុណ្យជាតិដ៏ធំមួយ គឺ វិសាខបូជា ។

នៅក្នុងពិធីថ្ងៃនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ឯកឧត្តម ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ក៏បានអញ្ជើញចូលរួមក្នុងពិធី នោះផងដែរដោយបានអញ្ជើញនាំយកនូវ ទៀន ធូប ភ្ញីផ្កា និងដង្វាយព្រះ (មធុបាយាស) ទៅថ្វាយដល់ព្រះសិរីរិគធាតុ ដែលតំកល់នៅ ព្រះសត្យមុនី្នចេតីយ៍ នៃភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ស្ថិតនៅក្នុងឃុំផ្សាដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

សូមរំលឹកអំពី ពិធីបុណ្យ «វិសាខបូជា» គឺជាបុណ្យមួយយ៉ាងធំ ក្នុងព្រះពុទ្ធសាសនា រាប់ថា ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់ សំរាប់រំលឹកដល់ព្រះពុទ្ធសមណគោត្ដមបរមគ្រូ នាថ្ងៃពេញបូណ៌មី (គីថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។
ការដែលប្រារឰពិធីបូជា នាថ្ងៃ១៥កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖

១៖ ទ្រង់ប្រសូតចាកឧទរមាតា

២៖ ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញាណ

៣៖ ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន

សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទាំងអស់ ប្លែកតែឆ្នាំប៉ុណ្ណោះ។ ព្រោះហេតុនោះហើយបាន ជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា៖ អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្ធតោ។
ក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំងប្រទេស សូមអោយជួបសេចក្តីសុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឲ្យបានដូចក្តីប្រាថ្នា និង ជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕