លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍” សប្ដាហ៍​ភាព​យន្ត​ចិន” និង “ ដំណើរ​ភាព​យន្តចល័ត​ចិន​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី៣

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ បើកព្រឹត្តិការណ៍” សប្ដាហ៍ភាពយន្តចិន” និង “ ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី៣

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ្សុង ប៉ ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវ មន្ត្រីរាជការ សិស្សនិស្សិត "នារសៀលថ្ងៃអង្គារ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.៣៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា ចិន គឺមានតាំងពីយូរយារណាស់ មកហើយ ចាប់ផ្ដើមតាំងពីសម័យហ្វូណន ឬយើងហៅថាសម័យនគរភ្នំមកម្ល៉េះ រហូតមកដល់សម័យ បច្ចុប្បន្ននេះ។ រហូតមកដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមកិច្ច ដឹកនាំដ៏ឈ្លាសវៃ និងយកចិត្ត ទុកដាក់ពីថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសយើង ទាំងពីរ ចំណងទំនាក់ទំនងការទូតជាផ្លូវការ ក៏បានចាប់ បដិសន្ធិឡើង ហើយរហូតមកដល់ឆ្នាំ ២០១៨នេះ គឺជាខួបទី៦០ឆ្នាំ នៃចំណងទំនាក់ទំនងការទូតនៃប្រទេស យើងទាំងពីរ។ ក្នុងអត្ថន័យដ៏ជ្រាលជ្រៅនៃចំណងមេត្រីភាពដ៏ស្អិតរមួតនេះ ប្រទេសយើងទំាងពីរគឺជាអ្នក ជិតខាងល្អ ជាមិត្តល្អ ជឿទុកចិត្តគ្នា គាំទ្រជ្រោមជ្រែងគ្នា ជាបងប្អូនរួមសុខរួមទុក្ខ ជាមួយគ្នា និងជាដៃគូសហការដ៏ប្រសើរឈរលើគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ដែលយើងតែងតែចាត់ទុកថា ជាគំរូនៃ ចំណងសហការមេត្រីភាពរវាងប្រទេសនិង ប្រទេស។

តាុមរយៈព្រឹត្តិការណ៍ ”សប្ដាហ៍ភាពយន្តចិន” និង “ដំណើរភាពយន្តចល័តឡានឆាង-មេគង្គ" គឺបានផ្សារភ្ជាប់ទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ និងបានផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី សង្គម សេដ្ឋកិច្ច ទៅវិញទៅមកឲ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។