លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សិក្សា​ភាសា​ចិន​

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ សិក្សាភាសាចិនកម្រិតបឋមជូនដល់សិក្ខាកាមជាមន្ត្រីរាជការ

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ក្រោមវត្តមានរបស់ឯកឧត្តម ហ្សុង ប៉ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ១៣រោច ខែបឋមមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា ដែលបានសហការគ្នាយ៉ាងល្អប្រសើរ និងបានជួយឧបត្ថម្ភដល់ការបើកថ្នាក់បង្រៀនភាសាចិន ដើម្បីបណ្ដុះបណ្ដាលបំប៉នភាសាចិនដល់មន្ត្រីរាជការក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតាំងពីថ្ងៃ៣១ ខែមិថុនាឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះបានបញ្ចប់ជាស្ថាពរ។

លោកជំទាវក៏បានគាំទ្រដល់សកម្មភាពការងារបើកថ្នាក់បណ្ដុះបណ្ដាលភាសាចិន របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជាក្នុងការបំប៉នភាសាចិនដែលជាភាសាអន្តរជាតិឈានមុខ កំពុងពេញនិយមដែលសកម្មភាពនេះជាការចូលរួមចំណែកមិនអាចខ្វះបាន ក្នុងការជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាស្របពេលរដ្ឋាភិបាលនៃប្រទេសទាំង០២ កម្ពុជា-ចិន បានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិឡើងកម្រិតជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបង្កើនកម្រិតឥតឈប់ឈរ។
លោកជំទាវក៏បានសំណូមពរឲ្យមន្ត្រីរាជការទាំងអស់ដែលទទួលបាន ជ័យលាភីនៅថ្ងៃនេះ ធ្វើការបណ្តុះបណ្តាលបន្តទៀតដល់មន្ត្រីរាជការនៅតាម ស្ថាប័នរបស់ខ្លួន បន្ថែមទៀត ក្នុងន័យពង្រីកចំណេះដឹងភាសាចិន និងចែក រំលែកនូវចំណេះដឹងទាំងនេះទៅដល់អ្នកដែលមិនទាន់ចេះសោះ។