លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជប់លៀង​ស្វាគមន៍ គណៈប្រតិភូ​សហព័ន្ធ​ពាណិជ្ជករ​ចិន​ទាជីវ​សកលលោក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក នារាត្រីថ្ងៃអាទិត្យ ១៥កើត

ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា តាមរយៈទស្សនកិច្ចនាពេលនេះ សមាជិក នៃគណៈប្រតិភូ នឹងទទួលបានព័ត៌មានល្អៗ ឱកាសវិនិយោគថ្មីៗ និងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយអាជីវករកម្ពុជា ដើម្បីរកឃើញដៃគូធុរកិច្ច និងវិនិយោគ ក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម លើវិស័យ ដែលមានសក្កានុពលជាច្រើននៅកម្ពុជា ជាពិសេស វិស័យអចលនទ្រព្យ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។

លោកជំទាវបានបន្តទៀតថា ទស្សនកិច្ចនេះ ពិតជាទទួលបានផលប្រយោជន៍ច្រើន និងងាយស្រួល ដោយសារនៅម្ពុជាមានឧកញ៉ា និងអ្នកប្រកបរបរជំនួញជាច្រើននាក់ ដែលមានដើមកំណើត ជាខ្សែចិនទាជីវ ដែលអាចឱ្យប្រតិភូងាយស្រួល ក្នុងការនិយាយ និងប្រាស្រ័យទាក់ទងគ្នា។ ស្របពេលដែលរាជរដ្ឋាភិបាលមានគោលនយោបាយ ចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់អ្នកវិនិយោគបរទេស ដោយគ្មានប្រកាន់ជាតិសាសន៍ និងកត្តាអំណោយផលផ្សេងទៀត រួមទាំងការលូតលាស់ ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន ជាពិសេសខាងពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ ទីផ្សារពលករមានតម្លៃទាប និងច្បាប់វិនិយោគ ដែលអនុគ្រោះដល់ធុរកិច្ច ទើបកម្ពុជាកំពុងតែក្លាយជាគោលដៅថ្មីមួយ គួរឲ្យចាប់អារម្មណ៍បំផុត ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស៕